រថយន្តបាឡែនដឹកឈើប្រណិត២គ្រឿងលោតឆត្រ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវបង្ក្រាប

0

Sa Wut រតនគីរី:
ខេត្តរតនគិរី៖ ក្រុមឈ្មួញជើងខ្លាំងខាងរត់គេចខ្លួនក្នុងខេត្តរតនគិរី បានរត់ចោលរថយន្តដឹកឈើរបស់ខ្លួន បន្ទាប់ពី កម្លាំងគណៈបញ្ជាការឯកភាពស្រុកអូរយ៉ាដាវ ប្រដេញតាមទាន់។ កម្លាំងចម្រុះស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក ស៊ឹម លីម អភិបាលរងស្រុក សហការណ៍ជាមួយកម្លាំងច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បង្ក្រាបរថយន្តកាម៉ារីបាឡែនចំនួន២គ្រឿង ដឹកឈើចេញទៅលក់នៅប្រទេសវៀតណាម ការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅចំណុចច្រកទ្វារអន្តរជាតិអូរយ៉ាដាវតែម្ដង។ ហើយរថយន្តទាំង២គ្រឿងនោះ ជាប្រភេទរថយន្ត កាម៉ារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2C.6364  ដឹកឈើធ្នុងចំនួន ៩.៤០គីឡូក្រាម ស្មើ ០.៧៥២ ម៉ែត្រគូប មួយគ្រឿង។នឹងមួយគ្រឿងទៀតរថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2L.7937  ដឹកឈើនាងនួនចំនួន៤៤០គីឡូក្រាម ស្មើ ០.៣៥២ម៉ែត្រគូប។

តាមការឲ្យដឹងពីលោកវរៈសេនីយ៍ត្រី សុខ មីន មេបញ្ជាការ អាវុធហត្ថស្រុកអូរយ៉ាដាវថា យោងតាមបទបញ្ជាឯកឧត្ដមអភិបាលខេត្ត និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត គឹម រស្មី  កម្លាំងចម្រុះស្រុកអូរយ៉ាដាវ ដែលមានលោក ស៊ឹម លីម អភិបាលរងស្រុកជាអ្នកដឹកនាំ បានពង្រាយកម្លាំងតាមដងផ្លូវលេខ៧៨ ដើម្បីត្រួតពិនិត្យ ឆែកឆេរតាមរថយន្ត ដែលធ្វើដំណើរពីលិចទៅកើត ពោលពីក្រុងបានលុងឆ្ពោះ ទៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ ខណៈពេលដែលកម្លាំងត្រួតពិនិត្យនៅតាមដងផ្លូវនោះ ស្រាប់តែមានរថយន្តបាឡែន២គ្រឿងខាងលើនេះ មិនបានឈប់ឲ្យសមត្ថកិច្ចត្រួតពិនិត្យនោះទេ គឺគេគ្រាន់តែបង្អង់ល្បឿន សមត្ថកិច្ចមិនបានប្រុងប្រយ័ត្ន គេបន្ថែមល្បឿនទៅមុខតែម្ដង។ ឃើញសភាពបែបនេះ កម្លាំងចម្រុះ បានធ្វើការប្រដេញ និងលោកអភិបាលរងស្រុកទូរស័ព្ទ សុំសហការណ៍ពីកម្លាំងច្រកទ្វារអន្តជាតិតែម្ដង។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចប្រដេញតាម និងកម្លាំងច្រកទ្វារ ស្ទាក់ រថយន្តនោះបានបកត្រឡប់ក្រោយ ចូលតាមច្រករបៀង១៩ ឈប់នៅផ្ទះឈ្មោះ សុខ សាន ហើយតៃកុងឡានរត់គេចខ្លួនបាត់ស្រមោល។ បន្ទាប់ពីឃើញរថយន្តសំចតមិនឃើញម្ចាស់ កម្លាំងចម្រុះក៏បានរឹបអូសយករថយន្តទាំង២គ្រឿងមកប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើផ្នែកបរកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ: យក្ខឡោម