ចាប់អណ្តើក ២២ក្បាល និង ត្រកួត ៥ក្បាល ប្រគល់ឱ្យមន្ត្រី ព្រៃឈើបាគង

0

 

ខេត្តសៀមរាប៖កម្លាំងកងរាជអាវុធខេត្ត សហការជាមួយកម្លាំង មូលដ្ឋាន ដឹកនាំ ដោយលោក វរសេនីយ៍ទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌ នៃ កងរាជអាវុធហត្ថ ខេត្តសៀមរាប បានចុះឃាត់រថយន្តដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនហ្គី ស្តាល់ ពីសៀមរាប ទៅភ្នំពេញ ដោយមានការសង្ស័យ ទើបកម្លាំងជំនាញ សុំឆែកឆេរ ឃើញបទល្មើសធនធាន​ធម្ម​ជាតិ(សត្វអណ្តើក) ភ្លាមៗ រួច យកមកប្រគល់ឱ្យមន្រ្តីព្រៃឈើ បាគង ខណៈពេលនោះ អ្នកបើកបរបានចុះរត់គេចខ្លួន បាត់ទាំងយប់ ពេលសមត្ថកិច្ចទៅដល់។
​ ហេតុការឃាត់រថយន្តដឹកអណ្តើកនោះ បានធ្វើឡើង នៅវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃទី២៩ ខែសីហា ស្ថិតនៅចំណុចភូមិស្ពានត្នោត ឃុំល្វែងឫស្សី ជាប់ព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និង ខេត្តកំពង់ធំ។
តាមប្រភពពីកងរាជអាវុធហត្ថខេត្តបានប្រាប់ឱ្យដឹងថា មុនឈានដល់ធ្វើការឃាត់រថយន្តរបស់ក្រុមហ៊ុន ហ្គី ស្តាល់ ដឹកអ្នកដំណើរ នោះ ដោយមានព័ត៌មានសម្ងាត់ថា មានរថយន្តកំពុងដាក់សត្វព្រៃ នៅមុខផ្សារជីក្រែងទាំងយប់ ហើយកំពុងចេញដំណើរទៅភ្មំពេញ ទើបកម្លាំងជំនាញខេត្ត បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែង បានស្ទាក់ចាប់បាននៅចំណុចព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប។ប្រភពបានបន្តថា ក្រោយពីធ្វើការឃាត់រថយន្ត​នោះ ពុំឃើញមានតៃកុងឡាននោះទេ រួចកម្លាំងយើងបើកយកមកទុកនៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្ត លុះព្រឹកឡើងថ្ងៃដដែល ទើបធ្វើការប្រគល់ឱ្យមន្ត្រីព្រៃឈើ បាគង ដើម្បីចាត់ការតាមផ្លូវច្បាប់។ប្រភពបានបញ្ជាក់ថា វត្ថុតាងដែលកម្លាំងជំនាញបានចាប់យក រួមមាន៖
១/ អណ្តើកតំកល់ចំនួន ២២ក្បាល ស្មើនឹង ១៥៦គីឡូក្រាម ២/ ត្រកួតចំនួន ០៥ក្បាល ស្មើនឹង ២០គីឡូក្រាម ៣/ រថយន្តក្រុងចំនួន ០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3A-7541 របស់ក្រុមហ៊ុន ហ្គី ស្តាល់ អ៊ិចប្រេសដឹកអ្នកដំណើរ ។
បច្ចុប្បន្ន រថយន្ត ដឹកអ្នកដំណើរ និង វត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញប្រគល់ឱ្យសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទបាគង ដើម្បីចាត់ការតាមនីតិវិធី ច្បាប់៕ដោយ ច័ន្ទ រស្មី