កំពង់ចាម: គម្រោងមូលនិធិឃុំ-សង្កាត់ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងការជួសជុល
និងសាងសង់ផ្លូវលំ ដែលបានដាក់ឲ្យដេញថ្លៃផ្លូវចំនួន២គម្រោង កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅសាលាឃុំហាន់ជ័យ ស្រុតកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានគេសង្ស័យថា មានការចរចារត្រូវរ៉ូវគ្នា រវាងគណៈកម្មាការម្ចាស់លទ្ធកម្ម និងក្រុមហ៊ុនអ្នកទទួលការ ក្នុងការទាញយកកញ្ចប់ថវិការបស់គម្រោងយ៉ាងក្រាស់ក្រែល ហើយធ្វើការបែងចែកលុយទឹកតែចំនួន១៥%លើគណៈកម្មាការម្ចាស់លទ្ធកម្ម និងក្រុមអ្នកចាំយកលុយទឹកតែ។
ប្រភពបានឲ្យដឹងថា គម្រោងដែលបានដាក់ឲ្យដេញថ្លៃកាលពីព្រឹកថ្ងៃទី៣០ ខែសីហានេះ គឺមានចំនួន២ឃុំ ក្នុងនោះមានឃុំហាន់ជ័យ១គម្រោង និងនៅឃុំក្រឡា១គម្រោង ដោយនៅឃុំហាន់ជ័យមានការសាងសង់ផ្លូវបេតុងអារមេ១ខ្សែ ប្រវែង០.១៧៦គ.ម តម្លៃប៉ាន់ស្មាន៥៣,៥០៥,៥០០៛(ហាសិបបីលាន ប្រាំរយប្រាំពាន់ ប្រាំរយរៀល) ត្រូវបានក្រុមហ៊ុនសុធីរាជឃិនស្ត្រាក់សិន របស់លោកគ្រូមៅ ហេងជឺ ចរចារត្រូវរ៉ូវគ្នាក្នុងតម្លៃ៥២,៤១២,៨០០៛ ចំណែកនៅឃុំក្រឡាមានការជួសជុលផ្លូវដីដាប្រវែង៣.៩៦២គ.ម តម្លៃប៉ាន់ស្មាន ១៣៧,៥៥៤,៩០០៛(មួយរយសាមសិបប្រាំពីលាន ប្រាំរយហាសិបបួនពាន់ ប្រាំរយរៀល) ត្រូវបានក្រុមហ៊ុនសុធីរាជឃិនស្ត្រាក់សិន របស់លោកគ្រូមៅ ហេងជឺ ដដែលចរចារត្រូវរ៉ូវគ្នាក្នុងតម្លៃ១៣៥លានរៀល។
ប្រភពបានបន្តថា ក្នុងការដាក់ដេញថ្លៃគម្រោងដូចរបៀបចងមុងខាងលើនេះ គឺម្ចាស់គម្រោងត្រូវចំណាយលុយចំនួន១៥% ក្នុងតម្លៃគម្រោងទាំងមូល មានន័យថា ក្នុង២គម្រោងខាងលើនេះ មានទឹកប្រាក់សរុបជាង១៩០លានរៀល អញ្ចឹងត្រូវដកថ្លៃទឹកតែអស់ជាង២៨លានរៀល ហើយប្រាក់ទាំងនោះត្រូវធ្វើការបែងចែកលើគណៈកម្មាការម្ចាស់លទ្ធកម្ម៥% និងនៅសល់១០%ត្រូវធ្វើការបែងចែកទៅឲ្យក្រុមហ៊ុនដទៃ ដែលមានវត្តមាននៅទីនោះ តែមិនបានដាក់សំណើដេញថ្លៃទេ គឺពួកគាត់គ្រាន់តែមកអង្គុយចាំយកលុយទឹកតែ ព្រោះមុនពេលធ្វើការប្រកាសដាក់ដេញថ្លៃ គឺពួកគាត់បានចរាចរគ្នានៅមុខសាលាឃុំរួចជាស្រេច ហើយបើសិនជាមានក្រុមហ៊ុនណាមួយ ដែរនៅតែចចេសមិនព្រមចុះសម្រុង គឺមានបងធំម្នាក់ឈ្មោះ វិត នឹងចាប់ទាញអូសចេញក្រៅសាលាឃុំភ្លាម។
សូមបញ្ជាក់ផងដែរថា គម្រោងមូលនិធិឃុំ-សង្កាត់ ដែលបានដាក់ដេញថ្លៃ គឺចាប់ផ្តើមពីតម្លៃខ្ពស់ ចុះមកតម្លៃទាប មានន័យថា ក្រុមហ៊ុនណាដែលដេញក្នុងតម្លៃទាបជាងគេ នឹងត្រូវទទួលបានគម្រោង ហើយបើដាក់ដេញថ្លៃដោយសេរីយុត្តិធម៌ គឺមានអ្នកដាក់សំណើច្រើន និងតម្លៃចុះទាបជាង៤០% តែបើដាក់ដេញថ្លៃដូចរបៀបចងមុងខាងលើនេះ គឺតម្លៃនៅប្រកៀកប្រកិតជាមួយតម្លៃប៉ាន់ស្មានដដែល។
ដើម្បីការសាងសង់ផ្លូវ ឲ្យមានគុណភាព ត្រូវតាមស្តង់ដារ និងការដាក់ដេញថ្លៃដោយសេរី យុត្តិធម៌ ប្រជាពលរដ្ឋក្នុងតំបន់ខាងលើ បានធ្វើការសំណូមពរដល់ថ្នាក់ជាតិ គួរចាត់តាំងមន្ត្រីជំនាញចុះត្រួតពិនិត្យពេលប្រកាសដេញថ្លៃ និងពេលចាប់ផ្ដើមសាងសង់ផ្លូវផង ៕





































