ខេត្តព្រះវិហារ៖ ជនសង្ស័យប្រុស និងស្រីពីរនាក់ រួមជាមួយថ្នាំញៀនជាង២០០ក្រាម ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ខេត្តព្រះវិហារ ចុះ
បង្ក្រាប និងចាប់ខ្លួនបាន កាលពីម៉ោង៦ល្ងាច ថ្ងៃ២៩សីហាម្សិលមិញ នៅក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង ស្ថិតនៅក្នុងភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។
ស្នងការរងទទួលផែនប្រឆាំងបទល្មើសខេត្ត លោកឧត្តមសេនីយ៍ត្រី មាឃ សំអូន បានប្រាប់ឲ្យដឹងថា ជនសង្ស័យជួញដូរគ្រឿងញៀនទាំងពីរនាក់ ដែលកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ចុះឃាត់ខ្លួនបាននេះ ម្នាក់ឈ្មោះ គង់ រដ្ឋា ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
និងម្នាក់ទៀត ឈ្មោះ ពុំ ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។
លោកឧត្តមសេនីយ៍ ស្នងការរងបានបន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនទាំងពីរនាក់នេះបាន គឺឃាត់នៅក្នុងបន្ទប់លេខ ៣០៧ នៃផ្ទះសំណាក់មួយមានយីហោ « ហាវី » ព្រមទាំងដកហូតបានសារធាតុញៀន ម្សៅក្រាមពណ៌ថ្លាចំនួន៥កញ្ចប់ ក្នុងនោះតូច៣កញ្ចប់ បញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការពិនិត្យ និងសាកសួរ ។
លោកឧត្តមសេនីយ៍ត្រី មាឃ សំអូន បានបញ្ជាក់ថា ក្រោយការធ្វើតេស្តនោះរួច ឃើញថា ម្សៅក្រាមសថ្លាទាំង៥កញ្ចប់ដែលដកហូតបាននោះ គឺជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន ice (ម៉ាទឹកកក)ទម្ងន់២០៧.៣៩ក្រាម ព្រមទាំងបានដកហូតទូរស័ព្ទ២គ្រឿងទៀតផងដែរ។
នៅល្ងាចថ្ងៃ៣០សីហានេះ ជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាងបទល្មើស កំពុងស្ថិតក្រោមការសាកសួរ និងរក្សាទុក ពីកម្លាំងនគរបាលជំនាញគ្រឿងញៀនខេត្ត ហើយនឹងត្រូវបញ្ជូនទៅកាន់សាលាដំបូង និងអយ្យការខេត្តព្រះវិហារ នៅបន្ទាប់ពីបញ្ចប់នូវកិច្ចនីតិវិធីសាកសួរនោះរួច ៕សួនលីណា





































