កំពង់ចាម: ដើមឈើស្រឡៅតូច-ធំរាប់សិបកំណាត់ ត្រូវបានឈ្មួញបង្កប់ក្រោមក្បនអុសបណ្តែតតាមផ្លូវទឹក នាំយកមកពីភូមិភាគឦសាន យកមកលាក់ទុកនៅចំណុចក្បែរច្រាំងទន្លេ ស្ថិតក្នុងភូមិល្អាងលើ ឃុំល្អាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ មិនមានចំណាត់ការសោះឡើយ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា គំនរឈើស្រឡៅដែលគេដាក់តម្រៀបគរលើគ្នារាប់សិបដើមនេះ ត្រូវបានឈ្មួញម្នាក់ឈ្មោះប្រុស ជាមន្ត្រីនគរបាលប៉ុស្តិ៍គៀនជ្រៃ បានបង្កប់នៅក្រោមក្បនអុស ហើយបណ្តែតតាមដងទន្លេមេគង្គ ចេញពីខេត្តស្ទឹងត្រែង យកមកលាក់ទុកនៅចំណុចខាងលើ ដើម្បីអារជ្រៀកលក់បន្តឲ្យឈ្មួញ ក្នុង១ម៉ែត្រគូប តម្លៃ៥០០ដុល្លារអាមេរិកអាមេរិក។
ពាក់ព័ន្ធករណីជំនួញឈើខុសច្បាប់នេះ លោកប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម ដែលលោកធ្លាប់បានឡើងធ្វើការប្តេជ្ញាចិត្ត ពេលចូលកាន់មុខតំណែងជាអភិបាលស្រុកនាពេលកន្លងមកថា នឹងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងបង្ក្រាបរាល់បទល្មើសផ្សេងៗទៀតនោះ លោកបានឲ្យដឹងកាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះថា នឹងចាត់តាំងកម្លាំងចុះទៅមើលនៅពេលណាមួយមិនខាន។
ដោយឡែក លោកប្រាក់ ណូម៉ា នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម បានឲ្យដឹងថា ករណីឈើស្រឡៅខាងលើនេះ គឺលោកបានចាត់តាំងកម្លាំងចុះទៅមើលម្តងរួចមកហើយ ដោយមានការអាសអាងថា ជាឈើរបស់ប្រជាពលរដ្ឋ តែទោះជាយ៉ាងណាលោកនឹងចាត់តាំងកម្លាំងចុះទៅមើលឲ្យបានជាក់លាក់ម្តងទៀតនៅពេលក្រោយ។
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ខាងលើ បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសសមត្ថកិច្ចជំនាញពាក់ព័ន្ធ គួរមានចំណាត់ការទប់ស្កាត់បង្ក្រាបបទល្មើសដូចជាករណីជំនួញឈើខុសច្បាប់នេះផង។
សូមបញ្ជាក់ផងដែរថា ប្រភេទឈើស្រឡៅនេះជាប្រភេទឈើលេខ១ បន្ទាប់ពីឈើប្រណិតផ្សេងៗ ហើយក៏ជាប្រភេទឈើកម្រ ដែលមានតម្លៃថ្លៃផងដែរ ៕