យោធិនពិការ​២៤គ្រួសារ​ ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ ពី​អភិបាល​ខេត្ត​កំពង់ចាម​

0

កំពង់ចាម​:​ ដោយមើលឃើញនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលជា​យោធិនពិការ​ រស់នៅ​ក្នុង​មណ្ឌល​ជនពិការ​ ស្ថិតក្នុង​ភូមិទី១ សង្កាត់វាលវង់

ក្រុងកំពង់ចាម នារសៀល​ថ្ងៃ​ទី​០១​ ខែ​កញ្ញា​ ឆ្នាំ​២០១៧នេះ​ អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ចាម​ ​ឯកឧត្តម​គួច​ ចំរើន​ ដោយ​មាន​ការ​​ចូលរួម​ពី​ប្រធាន​ អនុប្រធាន​មន្ទីរ​ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ បានអញ្ជើញ​​ចុះ​ធ្វើ​ការ​ចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនដល់​អតីត​យុទ្ធជន​ចំនួន​២៤​គ្រួសារ​ ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។
ជាមួយស្នាមញញឹម​ដ៏រីករាយ​របស់​បងប្អូនយោធិនពិការ ដែលទទួលបាននូវបណ្ណ័កម្មសិទ្ធិ​ដីធ្លី​ ក្នុងពេលនេះ ក៏បានគោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន ជាប្រមុខ​ថ្នាក់ដឹកនាំ​ ដែលតែងតែយកចិត្តទុក្ខដាក់ចំពោះជនពិការ​ ដូចជារូបពួកគាត់​ផ្ទាល់​ ដែលពីអតីតកាល បានតស៊ូបូជា​ នូវសាច់ស្រស់ឈាមស្រស់ ដើម្បីបម្រើជាតិ មាតុភូមិ។
បងប្អូនយោធិនពិការ ដែលទទួលបានបណ្ណកម្មសិទ្ធទាំងនោះ​ ក៏បានគោរពថ្លែងអំណរគុណ​ដល់​ ឯកឧត្តមទេសរដ្ឋ​មន្ត្រី​ ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ដែលបានជួយសម្របសម្រួលចេញបណ្ណ័កម្មសិទ្ធិ ដីធ្លីជូនដល់ពួកគាត់ ដែលអនុញ្ញាតិ​ឲ្យ​ពួកគាត់ មានសិទ្ធិតាំងទីលំនៅ ប្រើប្រាស់ និងអាស្រយ័ផលដោយស្របច្បាប់។
ជាងនេះទៀត ពួកគាត់ក៏បានគោរពថ្លែងអំណរគុណផងដែរ ជូនដល់អភិបាលខេត្ត​កំពង់ចាម​ ឯកឧត្តម​គួច ចំរើន ដែលជានិច្ចជាកាល ឯកឧត្តម បានខិតខំប្រឹងប្រែងបម្រើ​ប្រជាពលរដ្ឋ​អស់ពីចិត្តពីថ្លើម ដោយមិនគិតពីការនឿយហត់ មិនថាពេល​យប់​ មិនថា​ថ្ងៃ​ ឯកឧត្តម តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលះទេសះ។
ជាមួយគ្នា​នេះ​ដែរ​ ឯកឧត្តម​គួច​ ចំរើន​ ក៏​បាន​នាំយកនូវ​ថវិកា​របស់​ សម្តេចតេជោ ហ៊ុន សែន ជួយឧបត្ថម្ភដល់បងប្អូនយោធិនពិការ​ ក្នុង១គ្រួសារទទួលបាន​ថវិកា​ចំនួន​​០៥មឺុនរៀល​ផង​ដែរ​ ៕