កម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបរថយន្តឡិចស៉ីស២គ្រឿងដឹកឈើប្រណិតខុសច្បាប់

0

ខេត្តរតនគិរី៖ រថយន្តឡិចស៊ីស ដឹកឈើប្រណិតទៅលក់នៅប្រទេសវៀតណាម ២គ្រឿង ដែលគេស្គាល់ថាឈ្មួញឈើជើងខ្លាំង នៅខេត្តរតនគិរី ត្រូវ

សមត្ថកិច្ចចម្រុះ ស្រុកអូរយ៉ាដាវប្រដេញតាមចាប់បាន បន្ទាប់ពីរថយន្តសមត្ថកិច្ចស្ទាក់ តែត្រូវរថយន្តជនល្មើសបុក ហើយបើករត់បន្តទៀត។

នៅវេលាម៉ោង១១នឹង៣០នាទី យប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិប៉ក់ធំឃុំប៉ក់ស្រុកអូរយ៉ាដាវ សមត្ថកិច្ចចម្រុះដែលដឹកនាំដោយលោក ស៊ឹម លីន អភិបាលរងស្រុកអូរយ៉ាដាវ សហការណ៍ជាមួយកម្លាំងនគរបាលច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងកម្លាំងវរៈការពារព្រំដែនគោកលេខ ៩១១ ប្រដេញតាមស្ទាក់ចាប់បានរថយន្តឡិចស៊ីស RX300  ២គ្រឿ មួយគ្រឿងពណ៌ខ្មៅ អត់ស្លាកលេខ និងមួយគ្រឿងទៀតពណ៌ស្ករ អត់ស្លាកលេខ ដឹកឈើក្រញូង និងឈើធ្នុង ពេញរថយន្តតាមផ្លូវក្រុមហ៊ុន៧៤ ក្នុងចំការលោក យ៉ាត ប៉ុស្តិ៍ភ្នំក្រហម ដែលគេបានស្គាល់ម្ចាស់រថយន្តដឹកឈើឈ្មោះ ផេត សំណាង ហៅ ពេជ្រ ជាមេឈ្មួញដឹកឈើជើងខ្លាំង ធ្លាប់បើករថយន្តកៀរ រថយន្តភ្នាក់ងារអ្នកយកព័ត៌មាន ហើយចុះមកវាយភ្នាក់ងារយកព័ត៌មានទៀតផង នៅកាលពីពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ។

តាមការឲ្យដឹងពីសមត្ថកិច្ចចម្រុះបានឲ្យដឹងថា បន្ទាប់ពីមានបទបញ្ជា ពីលោក ថង សាវុន អភិបាលខេត្តរតនគិរី គណៈបញ្ជាការឯកភាពស្រុក បានដាក់កម្លាំងត្រួតពិនិត្យរថយន្តគ្រប់ប្រភេទជាប្រចាំនៅតាមដងផ្លូវជាតិលេខ៧៨នៅមុខទីបញ្ជាការរដ្ឋានអាវុធហត្ថស្រុកអូរយ៉ាដាវ ខណៈពេលរថយន្តខាងលើនេះមកដល់ចំណុចត្រួតពិត្យ បានបន្ថែមល្បឿន ឆ្ពោះទៅទិសខាងកើត កម្លាំងចម្រុះធ្វើការប្រដេញតាមទាន់ស្ទាក់ តែត្រូវរថយន្តជនល្មើសបើកបុករថយន្តអាវុធហត្ថ ហើយរថយន្តនោះនឹងបន្តទៅមុខរហូតមកដល់ផ្លូវចូលទៅក្នុងចំការឈ្មោះ យ៉ាត ប៉ុស្ដិ៍ភ្នំក្រហម ទើបកម្លាំងឃាត់រថយន្តខាងលើនេះបាន ចំណែកម្ចាស់រថយន្តរត់គេចខ្លួនបាត់។

សមត្ថកិច្ចចម្រុះបានបន្តទៀតថា រថយន្ត២គ្រឿ និងឈើ ខាងលើ ជារបស់មេឈ្មួញជើងខ្លាំងមិនដែលខ្លាចច្បាប់ឈ្មោះ ផេត សំណាង ហៅ ពេជ្រ តែងតែដឹកឈើចេញពីស្រុកតាវែង ឆ្ពោះទៅប្រទេសវៀតណាមតាមច្រករបៀងភ្នំក្រហម។

បច្ចុប្បន្ន វត្ថុតាងរថយន្ត និងឈើ ត្រូវកម្លាំងអាវុធហត្ថ យកមករក្សាទុកនៅទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវតាមបទបញ្ជាពីឯកឧត្ដមអភិបាលខេត្ត។

បើទោះជាយ៉ាងណាលោក សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវថា បទល្មើសដឹកចេញតាំងពីស្រុកតាវែង ឆ្លងកាត់ក្រុងបានលុង ស្រុកបរកែវ ទើបដល់ស្រុកអូរយ៉ាវ តើសមត្ថកិច្ចតាមបណ្ដាស្រុកទាំងនោះ គាត់ធ្វើអ្វី? បានជាមិនបង្ក្រាប។ លោកបានបន្តទៀតថា គួរតែស្រាវជ្រាវឃាត់ខ្លួនម្ចាស់បទល្មើសខាងលើនេះ យកមកសួរនាំថា តើចាប់ពីស្រុកតាវែង រហូតមកដល់ស្រុកអូរយ៉ាដាវ តើឈ្មួញរូបនោះបង់លុយឲ្យអ្នកណាខ្លះ? ហើយកសាងសំណុំរឿង ដើម្បីដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ៕ដោយ: យក្ខឡោម