កំពត នៅព្រឹកថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវសាលាធម្មសភាព្រមទាំងសមិទ្ធិផលនានាមួយចំនួនទៀតនៅក្នុងវត្តអង្គប្រីយ៍សេរីមានជ័យ ស្ថិតក្នុង ឃុំកំពង់សំរោងស្រុកទឹកឈូ ខេត្តកំពត។

នៅក្នុងឱកាសនោះលោកនាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូបានអោយដឹងថា៖វត្តអង្គប្រីយ៍សេរីមានជ័យនេះដើមឡើយឈ្មោះហៅវត្តអង្គជុំ និងត្រូវបានកសាងឡើងតាំងពីឆ្នាំ១៩១៥ ។រហូតមកដល់ឆ្នាំ១៩៧៥-១៩៧៩ក្នុងសម័យសង្គ្រាមនិងរបបប៉ុល ពតសមិទ្ធិផលក្នុងវត្តនេះត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីរស្ទើរទាំងស្រុង។ ទើបដល់ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ សមិទ្ធិផលនានាត្រូវបានកសាងឡើងជាបន្តបន្ទាប់ ដោយមានការចូលរួមសាមគ្គីគ្នាពីសំណាក់ព្រះសង្ឃអាចារ្យគណៈកម្មការវត្ត និងពុទ្ធបរិស័ទព្រមទាំងថ្នាក់ដឹកនាំក្នុងខេត្តនិងសប្បុរសជនជិតឆ្ងាយ។
ពិសេសគឺក្រោមការចូលរួមឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាផ្ដល់ជាថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ាននីហ៊ុនសែន ។ បានធ្វើអោយ សមិទ្ធិផលនានាក្នុងទីអារាមវត្តនេះមានការរីកចម្រើនរួមមានព្រះវិហារ កុដិ ក្លោងទ្វារវត្ត ផ្លូវលំ លូទឹក រួមនិងសមិទ្ធិផលនានាជាច្រើនទៀតដែលកំពុងដំណើរការសាងសង់ក្នុងនោះក៏មានសាលាឆាន់មួយខ្នងបណ្ដោយ២០ម៉ែត្រទទឹង១៦ម៉ែត្របច្ចុប្បន្នកសាងសម្រេចហើយប្រមាណ៧០ភាគរយហើយដែរ។ ដោយឡែកសាលាធម្មសភា មួយខ្នងដែលសម្ពោធដាក់អោយប្រើប្រាស់ពេលនេះមានទំហំ បណ្ដោយ២៨ម៉ែត្រទទឹង១៣ម៉ែត្រធ្វើពីបេតុង ប្រកដំបូលហ្វីប្រូស៉ីម៉ង់ត៍បានចាប់កសាងឡើងតាំងពីឆ្នាំ២០០៨ ដោយបានចំណាយថវិកាអស់១៧៥,៧៥៧ដុល្លា។
ឯកឧត្តមចាន់-ចេស្ដាអភិបាលនៃគណៈអភិបាលខេត្ត បានក៏បានមានប្រសាសន៍លើកបញ្ជាក់ថា៖បច្ចុប្បន្នប្រទេសជាតិដែលស្ថិតក្នុងបរិបទកំពុងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះខេត្តកំពតដោយទទួលបាននូវអំណោយផលពីសក្ដានុពលធម្មជាតិមានស្រាប់ បានជម្រុញអោយអាជ្ញាធរខេត្តមានការខិតខំ ធ្វើការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់នូវសមិទ្ធិផលធំៗជាច្រើនសម្រាប់បំរើដល់ប្រយោជន៍ជូនប្រជាជននិងសង្គមជាតិ។
ក្នុងឱកាសនោះដែរដើម្បីឆ្លើយតបនូវកាយវិការ ប្របកដោយមនុស្សធម៌ និងការស្រឡាញ់ដ៏ជិតស្និតជាមួយប្រជាពលរដ្ឋ របស់សម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ។ ឯកឧត្តមចាន់-ចេស្ដាក្នុងនាមរដ្ឋបាលខេត្តក៏ដូចជាប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរសម្ដេចតេជោនាយករដ្ឋមន្ត្រី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ ទទួលជួបនូវសុខភាពល្អ និងជ័យជំនះគ្រប់ភារកិច្ច ក្នុងការដឹកនាំប្រទេសជាតិអោយបានកានតែរីកចម្រើនរុងរឿងតទៅមុខបន្ថែមទៀតនិងប្ដេជ្ញាគាំទ្របេក្ខភាពសម្ដេច តេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយៗបន្តទៀត។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែត បានថ្លែងនូវការកោតសរសើរចំពោះព្រះសង្ឃអាចារ្យគណៈកម្មការវត្ត រួមនិងពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយព្រមទាំងថ្នាក់ដឹកនាំ ក្រុមការងារគ្រប់លំដាប់ថ្នាក់ចុះជួយមូលដ្ឋានស្រុកទឹកឈូនៃខេត្តកំពតទាំងអស់ ។ ដែលបានខិតខំយកចិត្តទុកដាក់កសាងនូវអំពើល្អ។ ពិសេសចូលរួមកសាងនូវសមិទ្ធិផលនានាក្នុងទីអារាមវត្តអង្គប្រីយ៍សេរីមានជ័យនេះមានការរីកចម្រើនជាបន្តបន្ទាប់សម្រាប់ប្រយោជន៍បម្រើសង្គមនិងសម្រាប់ជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទទូទៅផងដែរ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតក៏បានបន្តទៀតថា៖អស់រយៈពេលជាង៣០ឆ្នាំ កន្លងមកនេះមានតែគណបក្សប្រជាជនតែមួយគត់ ដែលធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព ការអភិវឌ្ឍន៍និងបំរើប្រជាពលរដ្ឋនៅជាប់ជាមួយប្រជាពលរដ្ឋ និងជាគណបក្សដែលជួយសង្គ្រោះប្រជាជន សង្គមជាតិពីសង្គ្រាមពីរបបប្រល័យពូជសាសន៍ និងរហូតមកដល់សព្វថ្ងៃនេះសន្តិភាពសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម សេរីភាព ប្រជាធិបតេយ្យមានពេញបរិបូរណ៍លើផ្ទៃប្រទេស ជាមួយនឹងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ជីវភាពក៏មានការរីកចម្រើនសប្បូរសប្បាយរហូតដល់ទីជនបទ។
ទាំងនេះគឺបានកើតចេញពីការដឹកនាំល្អធ្វើនូវអំពើល្អប្រកបដោយគតិបណ្ឌិតឈ្លាសវៃដើរលើផ្លូវត្រូវរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋយើងទាំងអស់គ្នា។ ហើយសមិទ្ធិផលទាំងនេះគឺយើងបានមកព៏ញើសឈាមទៅប្ដូរ ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែបន្តចូលរួមថែរក្សាសន្តិភាពអោយនៅគង់វង្សដើម្បីធ្វើដំណើររួមគ្នាកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិសម្រាប់អនាគតយើងកូនចៅយើងទាំងអស់គ្នាកាន់តែមានជីវភាពធូរធាររីកចម្រើនទៅមុខបន្តទៀត។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ក៏បានបំពាក់គ្រឿងឥស្សរយស ជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងសប្បុរសជន។ និងបានប្រគេនថវិកាដល់ព្រះចៅអធិការវត្តអង្គប្រីយ៍សេរីមានជ័យចំនួន២០លានរៀលសម្រាប់កសាងក្នុងទីអារាមវត្តបន្តទៀត និងបានផ្ដល់ជូននូវកុំព្យូទ័រសម្រាប់ប្រើប្រាស់បម្រើការងារក្នុងអង្គភាពចំនួនបីគឺទី១-ជូនដល់សាលាឃុំកំពង់សំរោង ទី២-សាលាបឋមសិក្សា និងទី៣-សាលាអនុវិទ្យាល័យក្នុងឃុំកំពង់សំរោងនេះមានចំនួនស្មើៗគ្នានូវកុំព្យូទ័រ យួរដៃមួយគ្រឿង កុំព្យូទ័រលើតុមួយគ្រឿង និងម៉ាស៉ីនព្រីនធើមួយគ្រឿង ព្រមទាំងជូនក្រណាត់ សៀវភៅប៊ិចរួមនិងថវិកាមួយចំនួនដល់លោកយាយលោកតាចាស់ៗ និងក្រុមយុវជនសិស្សនិសិត្សផងដែរ។




































