ក្រុមហ៊ុនស៊ិនទ្រីសុំឈប់ប្រមូលសំរាមនៅខេត្តព្រះសីហនុព្រោះពលរដ្ឋភាគច្រើនមិនចូលរួមបង់លុយ

0

អភិបាលក្រុងនិងខេត្តព្រះសីហនុអំពាវនាវអោយពលរដ្ឋចូលរួមប្រើសេវាប្រមូលសំរាមជាមួយក្រុមហ៊ុនស៊ិនទ្រីដើម្បីលើកកំពស់បរិស្ថានអនាម័យរបស់ក្រុងទេសចរណ៍យើងខណៈក្រុមហ៊ុនសិុនទ្រី បានដាក់លិខិតមករដ្ឋបាលខេត្ត នឹងចម្លងមករដ្ឋបាលក្រុងព្រះសីហនុ សុំឈប់ផ្តល់សេវាប្រមូល សម្អាត និងដឹកជញ្ជូនសំរាម នៅក្រុងព្រះសីហនុ តទៅទៀតហើយ។

លោក អ៊ីុ សុខឡេង អភិបាលក្រុងព្រះសីហនុអោយដឹងថា៖ប្រសិនក្រុមហ៊ុនសិុនទ្រី ឈប់មែន មួយសប្តាហ៍ សំរាមនឹងគរដូចភ្នំ ពីព្រោះរយៈពេលមួយខែ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង មិនអាចរកក្រុមហ៊ុនថ្មីបានទេ ពីព្រោះការបញ្ជាទិញឡានពីក្រៅប្រទេសយ៉ាងហោចណាស់ក៏ត្រូវការចំណាយពេលវេលា ២ខែដែរ។មូលហេតុដែលក្រុមហ៊ុនសិុនទ្រីសុំឈប់ប្រមូលសំរាមដោយសារក្រុមហ៊ុនសុិនទ្រីរកសុីខាត។ព្រោះសព្វថ្ងៃបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុ បានបង់សេវាប្រមូលសំរាមឲ្យក្រុមហ៊ុននសុិនទ្រី ត្រឹមតែ 40% ប៉ុណ្ណោះ។ដោយឡែក៦០%ទៀតមិនព្រមចូលរួមភ្ជាប់សេវាប្រមូលសំរាមសោះដោយពួកគេយកកាសំណល់សំរាមទៅបោះចោលតាមទីតាំងផ្សេងៗដូចជាតាមចិញ្ចើមផ្លូវនិងតានទីតាំងដីឡូតិ៍ដែលគេមិនទាន់អភិវឌ្ឍជាដើម។

ករណីនេះបន្ទាប់ពីរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ទទួលបានលិខិតសុំឈប់ផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម នៅក្នុងក្រុងព្រះសីហនុ។ រដ្ឋបាលខេត្ត បានកោះប្រជុំបន្ទាន់មួយនៅសាលាខេត្ត ដោយមានការចូលរួមពីរដ្ឋបាលក្រុង មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរបរិស្ថាន និងក្រុមហ៊ុនសុិនទ្រី។ការប្រជុំពិភាក្សា និងចរចាចំណាយពេល ៣ថ្ងៃ លទ្ធផលបានត្រឹមក្រុមហ៊ុនសុិនទ្រី យល់ព្រមប្រមូល និងដឹកជញ្ជូនសំរាម ១ខែទៀតប៉ុណ្ណោះគឺនឹងចប់នៅថ្ងៃទី 14/09/2017 នេះហើយ។

យោងតាមការអោយដឹងពីសាលាក្រុងព្រះសីហនថា៖បេីក្រុមហ៊ុននៅតែបន្តខាតទៀត ក្រុមហ៊ុននឹងឈប់វិនិយោគផ្តល់សេវាប្រមូលសំរាម និងដឹកជញ្ជូនសំរាម នៅក្នុងក្រុងព្រះសីហនុទៀតហេីយ។ក្នុងនោះរដ្ឋបាលក្រុង ក៏ត្រូវចំណាយលុយបង់ខាតឲ្យក្រុមហ៊ុនសុិនទ្រី ចំនួន ៣មុឺនដុល្លារ អំឡុងពេលក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាម មួយខែនេះ។

គ្រានេះដែររដ្ឋបាលក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុ សូមចូលរួមភ្ជាប់សេវាប្រមូលសំរាម និងបង់សេវាសំរាមដល់ក្រុមហ៊ុន ដេីម្បីឲ្យក្រុមហ៊ុនមានលទ្ធភាព ផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម ជូនបងប្អូនបានរាល់ថ្ងៃ នឹងបរិស្ថានល្អ។

សូមបញ្ជាក់ថា ៖ កន្លងមកមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចបានបោះចោលសំរាមតាមអូរ នឹងដឹកសំរាម លួចទៅចាក់ចោលនៅលេីចិញ្ចេីមផ្លូវសាធារណៈ និងដីឡូត៍ទុកចោល ហេីយទោះបីរដ្ឋបាលក្រុង បានសហការជាមួយមន្ទីរបរិស្ថាន ចាប់ឡាន នឹងពិន័យជាច្រេីនដង ក៏នៅតែមានបងប្អូនដឹកលួចទៅចាក់ចោលដដែល ជាក់ស្តែងថ្ងៃមិញនេះ ក្រុងបានសហការជាមួយមន្ទីរបរិស្ថាន ចាប់ផាក់ពិន័យម្ចាស់សណ្ឋាគារមួយកន្លែង ដែលដឹកសំរាមការដ្ឋានទៅចាក់ចោលលេីចិញ្ចេីមផ្លូវសាធារណៈ។

 

បញ្ហានេះដែរ ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ អំពាវនាវអោយពលរដ្ឋទាំងអស់ត្រូវចូលរួមវិចខ្ចប់សំរាមទុកដាក់អោយបានល្អនិងចូលត្រូវចូលរួមភ្ជាប់សេវាប្រមូកសំរាមជាមួយក្រុមហ៊ុនស៊ិនទ្រីដើម្បីបរិស្ថានអនាម័យក្រុងទេសចរណ៍យើងអោយបានប្រសើរឡើង៕វ៉ុន