​សូមទស្សនា VDEO សន្តិសុខ​ត្រូវ រឹតបន្តឹង​ខ្លាំង មុន​ការបោះឆ្នោត ជុំ​ទី​ពីរ​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន

0

​ការបោះឆ្នោត​ជុំ​ទី​ពីរ ដើម្បី​ជ្រើសតាំង ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន នឹង ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍ សប្តាហ៍​នេះ​។ មន្ត្រី​ទទួលបន្ទុក​បញ្ហា​សន្តិសុខ បានដាក់​ពង្រាយ​កង កម្លាំង​របស់ខ្លួន​នៅ​ទូទាំងប្រទេស ដើម្បី​ការពារ​ការអុកឡុក​ពី​សំណាក់​ពួក​ឧទ្ទាម​តា​លី​បង់ ដែល​បាន​គម្រាមថា នឹង​បង្ក​ការរំខាន​មិន​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​បានសម្រេច​ឡើយ​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែមិថុនា នេះ ផ្នែក​សន្តិសុខ​របស់​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ បាន​អះអាងថា នឹង​ការពារ​សន្តិសុខ​ឲ្យ​បាន​សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃ​សៅរ៍ ខាង​មុន​។ ទោះ បី​ជា​បញ្ហា​សន្តិសុខ នៅតែ​បន្ត​គម្រាមកំហែង​ប្រជាជន អា​ហ្វ​ហ្គា​នី​ស្ថាន ជាប់​ជានិច្ច​ក៏ដោយ ក៏ ពួកគេ​ត្រូវតែ​ជម្នះ​ទៅធ្វើ​ការបោះឆ្នោត សម្រាប់​អនាគត និង ជីវិត​ថ្មី​របស់​ពួកគេ​។​ ​

អ្នកនាំពាក្យ​ក្រសួងការពារជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន លោក ហ្សា​ហឺ អា​ហ្ស៊ី​មី បាន​និយាយថា “​យើង​បានដាក់​ពង្រាយ​កងកម្លាំង​នៅ​ទីតាំង​ផ្សេងៗ​គ្នា​ទូទាំងប្រទេស ហើយ​យើង​បាន​ត្រៀម គ្រប់​ជ្រុងជ្រោយ​នូវ​កិច្ចការពារ​សន្តិសុខសម្រាប់​ការបោះឆ្នោត​ជុំ​ទី​ពីរ​នេះ​។​” ​គួរ​បញ្ជាក់ថា បេក្ខជន​ដណ្តើម​តំណែង​ប្រធានាធិបតី​ចំនួន​ពីររូប កំពុងតែបន្ត​យុទ្ធនាការ ឃោសនា​រក​សម្លេងឆ្នោត​

របស់ខ្លួន​ជាធម្មតា ហើយ​ប្រជាពលរដ្ឋ​ក៏បាន​ត្រៀមខ្លួន​ទៅ​បោះ ឆ្នោត ដែល​ទើបតែ​កើតមាន​ជា​លើកទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​នេះដែរ​។​ ​កាលពីពេល​ថ្មី​នេះ ក្រុម​តា​លី​បង់ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា ពួកគេ​នឹង​នៅតែ​បន្ត ការវាយប្រហារ​លើ​កង​កម្លាំង​រក្សា​សន្តិសុខ ហើយ​បន្ថែម​ពីនេះ​គឺ ពួកគេ​បាន​អំពាវនាវ​មិន​ឲ្យ ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ឡើយ​។

យ៉ាងណាក៏ដោយ រដ្ឋាភិបាល បានចេញ​សេចក្តី​ថ្លែង ការណ៍​តប​វិញ​ថា ស្ថានការណ៍​គ្រប់យ៉ាង​គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង ហើយ​ប្រជាពលរដ្ឋ មិនត្រូវ​មានការ​ព្រួយបារម្ភ​អ្វី​ឡើយ​។​