កំពង់ចាម: ឯកឧត្ដមគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយប្រធាន អនុប្រធានមន្ទីរ មន្ត្រីអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងតំណាងអង្គការមនុស្សធម៌ បាននាំយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងជួបនូវទុក្ខលំបាក ចំនួន៤៦០គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋចំនួន២៩០គ្រួសារនៅក្នុងឃុំកោះទន្ទឹម និងប្រជាពលរដ្ឋ១៧០គ្រួសារនៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ដែលពិធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងវត្តរតនៈសន្សំកុសលកោះប្រាក់ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ក្រោមធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណះអភិបាលខេត្តកំពង់ចាម និងតំណាងសមាគមសាសនាចក្រព្រះយេស៊ូគ្រិស្ត នៃពួកបរិស័ទថ្ងៃចុងក្រោយ ដែលមានប្រជាពលរដ្ឋក្រីក្រ និងជួបនូវទុក្ខលំបាកចំនួន៣៤៣គ្រួសារ ដោយអំណោយក្នុង១គ្រួសារត្រូវទទួលបាន អង្ករចំនួន៥០គីឡូក្រាម ទឹកស៊ីអាវ០១យួរ ទឹកត្រី០១យួរ មី០១កេះ ប្រេងឆា០១ដប(២លីត្រ)។
បន្ទាប់ពីលោក ស៊ីម ហ៊ាង ជំទប់ទី១ឃុំកោះទន្ទឹម បានឡើងអានរបាយការណ៍ការអភិវឌ្ឍន៍ និងការរីកចំរើនទូទាំងឃុំ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលធ្វើឲ្យប្រទេសអភិវឌ្ឍន៍គ្រប់ទិសទីទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមគួច ចំរើន អភិបាលខេត្តកំពង់ចាម បានឡើងមានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដោយឯកឧត្តមលើកឡើងថា ទោះបីជាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ តែបងប្អូនប្រជាពលរដ្ឋមានសិទ្ធិ សេរីភាពគ្រប់គ្រាន់ក្នុងការជ្រើសរើសយកសាសនា ដែលបងប្អូនស្រលាញ់ពេញចិត្ត ដូចជាក្នុងពេលនេះ គឺមានទាំងអ្នកកាន់សាសនាព្រះពុទ្ធ សាសនាឥស្លាម និងអ្នកជឿលើព្រះយេស៊ូគ្រិស្ត ដូច្នេះក្នុងការចែកអំណោយនេះដែរ គឺចែកជូនដោយមិនប្រកាន់និន្នានយោបាយ និងមិនរើសអើងសាសនាឡើយ ហើយឯកឧត្តមក៏បានជូនដំណឹងល្អ និងអបអរសាទរផងដែរ ជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅលើកោះប៉ែន ដោយពួកគាត់ជិតបានភ្លើងរដ្ឋ យកទៅប្រើប្រាស់ក្នុងតម្លៃថោក ចាប់ពីថ្ងៃទី១០ ខែកញ្ញានេះតទៅ ដែលជាភាពងាយស្រួលក្នុងជីវភាពរស់នៅបានមួយកម្រិតទៀត ជាងនេះទៀតឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការថែរទាំបរិស្ថានឲ្យមានអនាម័យល្អ ទាំងក្នុងការរស់នៅ ទាំងក្នុងការហូបចុក ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ និងបើកបរដោយមានការប្រុងប្រយ័ត្នទៀតផង ព្រោះទាំងនេះសុទ្ធសឹងតែជាផ្នែកមួយសម្រាប់កាត់បន្ថយភាពក្រីក្រ របស់បងប្អូនប្រជាពលរដ្ឋយើង។
ដោយឡែក នារសៀលថ្ងៃដដែលនេះដែរ ឯកឧត្ដមគួច ចំរើន អភិបាលខេត្តកំពង់ចាម និងតំណាងសមាគមសាសនាចក្រព្រះយេស៊ូគ្រិស្ត នៃពួកបរិស័ទថ្ងៃចុងក្រោយ ដោយអមដំណើរដោយមន្ត្រីរាជការ បាននាំយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន១៧០គ្រួសារ នៅវត្តពោធិវង្ស ឃុំកោះមិត្ត ស្រុកកំពង់សៀម ផងដែរ ៕