ធនាគារអភិវឌ្ឍន៍អាស៊ី អេឌីបីកិច្ចប្រជុំវិស័យកសិកម្ម៥ប្រទេសជាប់ទន្លេមេគង ដំណាក់កាលទីពីរ

0

សៀមរាបៈ កិច្ចប្រជុំ គាំទ្រវិស័យកសិកម្ម ដំណាក់កាលទីពីរ បានចាប់ផ្តើមឡើងនៅខេត្តសៀមរាបក្នុងថ្ងៃនេះ ក្រោមការសម្របសម្រួលរបស់ថ្នាក់ដឹកនាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (អេឌីបី) កម្មវិធីនេះមានបំណង គិតគួរដល់ការគាំទ្រដល់គោលការរបស់មហាអនុតំបន់ទន្លេមេគង្គ ដែលគ្របដណ្តប់ប្រទេសទាំង៥ និង ខេត្តមួយនៃប្រទេសចិន។

ប្រទេសកម្ពុជា ខេត្តយូណាន និង តំបន់ស្វ័យត្ន ហ្គាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រទេសមីយ៉ាន់ម៉ា ថៃ សាធារណៈរដ្ឋប្រជាមានិតឡាវ និង ប្រទេសវៀតណាម ជាសមាជិកនៃមហាអនុតំបន់នេះ មហាអនុតំបន់មេគង្គមានប្រជាជនសរុបប្រមាណ៣២៦លាននាក់ ជាតំបន់ដែលគេទទួលស្គាល់ថា ពោពេញដោយសក្តានុពល ធម្មជាតិ ផលិតផលកសិករ និង ជីវៈចម្រុះ ដើម្បីសម្រេចគោលដៅនេះ យុទ្ធសាស្រ្ត លើកកម្ពស់សង្វាក់តម្លៃក្នុងវិស័យកសិកម្មត្រូវបានយកចិត្តទុកដាក់ អភិវឌ្ឍន៍ ដោយភ្ជាប់អ្នកផលិតទៅកាន់ទីផ្សារ និង ជួយឲ្យមានជំនួបធុរកិច្ច ពិធីនេះត្រូវបានធ្វើឡើង នៅសណ្ឋាគារ អប្សរាផាលេស ស្ថិតក្នុង ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ៦ដល់ថ្ងៃទី៨  ខែ កញ្ញា ឆ្នាំ២០១៧ ។

នេះជាកិច្ចប្រជុំលើកទី២ថ្នាក់រដ្ឋមន្ត្រីកសិកម្មនៃ ប្រទេសជាសមាជិក មហាអនុតំបន់មេគង្គ នឹងអនុម័តទៅលើអ្វីដែលក្រុមការងារថ្នាក់បច្ចេកទេសបានពិភាក្សានិងយល់ព្រមក្នុងពេលកន្លងមក រដ្ឋមន្ត្រីកសិកម្មទាំង៦ប្រទេសដែលជាសមាជិករបស់ GMS នឹងអនុម័តនូវយុទ្ធសាស្រ្ត និង ផែនការសកម្មភាពរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់លើវិស័យកសិកម្ម នៅក្នុងកិច្ចប្រជុំថ្នាក់បច្ចេកទេសនេះ ក៏នឹងមានការជជែកដេញដោលដោយផ្តោតលើកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈនិងវិស័យឯកជន។

តាមរយៈកម្មវិធីនេះ គេនឹងបង្កើតទីផ្សារសម្រាប់ផលិតផលពីប្រទេសជាសមាជិកមហាអនុតំបន់ទន្លេមេគង្គនេះ ដោយជ្រើសរើសផលិតផលដែលមានសក្តានុពល ដើម្បីឆ្ពោះទៅរកការចុះបញ្ជីម៉ាកសំគាល់ភូមិសាស្ត្រ ការបង្កើតផលិតផលទេសចរណ៍ ដោយផ្តោតលើកញ្ចប់ទេសចរណ៍ដែលរួមបញ្ចូលកសិទេសចរណ៍ ធនាគារអភិវឌ្ឍន៍អាស៊ី បានមើលឃើញនូវភាពជោគជ័យរបស់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចរបស់ខ្លួន ដោយមានកំណើនខ្ពស់បំផុតក្នុងចំណោមប្រទេស៦ក្នុងពិភពលោក។

ដោយសារសេដ្ឋកិច្ចស្ទុះខ្លាំងក្នុងរយៈពេលពេលនេះ អត្រាភាពក្រីក្ររបស់កម្ពុជា បានធ្លាក់ចុះពី៤៧,៨% នៅឆ្នាំ២០០៧ មកនៅត្រឹម១៣,៥% នៅឆ្នាំ២០១៤ ទោះជាបែបនេះក្តី កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានចំណូលទាបនៅឡើយ ដោយប្រជាជនកម្ពុជា ប្រមាណ៧០%មានចំណូលតិចជាង៣ដុល្លារក្នុងមួយថ្ងៃ ធនាគារពិភពលោក បានកែសម្រួលស្ថានភាពសេដ្ឋកិច្ចកម្ពុជាពីប្រទេសអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥។

ដោយ  ប៊ុន  រដ្ឋា