ដុំថ្មសិប្បនិមិត្តជាច្រើនដុំត្រូវបានទំលាក់ចូលទៅក្នុងបាតសមុទ្រនៅតំបន់កោះរ៉ុងសន្លឹមដើម្បី ជាជម្រកមច្ឆជាតិពងកូន និងរក្សាជីវៈចំរុះបាតសមុទ្រផងសំរាប់ទាក់ទាញអ្នកទេសចរចូលចិត្តមុជទឹកមើលផ្កាថ្មនិងមច្ឆាក្នុងបាតសមុទ្រ 

0

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នៅតំបន់កោះរ៉ុងសន្លឹម ស្ថិតក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងនិងខេត្តព្រះសីហនុ មានកម្មវិធីការទំលាក់ដុំថ្មសិប្បនិមិត្តចូលទៅក្នុងបាតសមុទ្រ ជាជម្រកមច្ឆជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងស្រដៀងគ្នាថា៖ ការទំលាក់ដុំថ្មសិប្បនិមិត្តចូលទៅក្នុងបាតសមុទ្រ នៅតំបន់កោះរ៉ុងសន្លឹមនេះ មានអត្ថប្រយោជន៍ជាច្រើន គឺជាជំរកត្រីមួយដ៏ល្អប្រសើរនៅរដូវត្រីពង ហើយវាអាចបង្កើតបានជាផ្កាថ្ម ការដាំផ្កាថ្មនៅតំបន់នោះ និងរក្សាបាននូវជីវៈចំរុះក្រោមបាតសមុទ្រ និងជាកន្លែងងូតទឹកមើលផ្កាថ្មដ៏ស្រស់ស្អាត ព្រមទាំងជាកន្លែងអភិរក្សនូវធនធានធម្មជាតិក្រោមបាតសមុទ្រផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ វាក៏ជារបាំងការពារមិនអោយមានការនេសាទនៅតំបន់នោះដែលនាំអោយប៉ះពាល់ដល់ផ្កាថ្មនិងជីវៈចំរុះបាតសមុទ្រនៅតំបន់នោះផងដែរ។
សកម្មភាពឯឧ យន្ត មីន យល់ថាវាកាន់តែធ្វើអោយតំបន់កោះរ៉ុងឬកោះរ៉ុងសន្លឹមកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរបានមួយកំរិតទៀតនៅពេលខាងមុខនេះ។

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ នៃអគ្គលេខាដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រនិង លោកឧកញ៉ា ទៀ វិចិត្រ ដែលជាអ្នកឧបត្ថម្ភច្រើនក្នុងការផ្តួចផ្តើមអោយមានព្រឹត្តិការណ៍នេះបានសំដែងការយល់ឃើញដូច្នេះ៖គួររំលឹកថាកន្លងទៅនៅតំបន់កោះរ៉ុងនេះក៍ធ្លាប់មានការទំលាក់ទូរកុងតែន័រចូលបាតសមុទ្រដើម្បីរក្សាជីវៈចំរុះបាតសមុទ្រដូច្នេះដែរ។អ្នកដែលផ្តួចផ្តើមការងារនេះត្រូវគេដឹងថាជាគំនិតបងប្អូត្រកូលទៀ និងមានការចូលរួមពីសប្បុរសជនមួយចំនួនទៀតផងដែរ។