បង្រ្កាបកន្លែងចែកចាយគ្រឿងញៀនឆែកឃើញម៉ូតូមួយចំនួនមិនប្រក្រតី

0

តាកែវ៖ ទីតាំងផ្ទះមួយកន្លែងដែលកន្លងមកប្រជាពលរដ្ឋមានការសង្ស័យនិងបានរាយការមកសមត្ថកិច្ចថាជាកន្លែងចែកចាយគ្រឿងញៀនយ៉ាងសកម្មនោះត្រូវបានជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវសហការជាមួយកម្លាំងជំនាញមូលដ្ឋានចុះត្រួតពិនិត្យរហូតបែកធ្លាយរឿងមួយទៀតដោយសង្ស័យថាជាកន្លែងទទួលផលចោរកម្មផងដែរ។
ការចុះទៅបង្ក្រាបទីតាំងដែលសង្ស័យថាជាកន្លែងចែកចាយសារធាតុញៀនដោយខុសច្បាប់នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។ ក្នុងប្រតិបត្តការខាងលើនេះដែរគឺដឹកនាំកម្លាំងដោយលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ  និងមានការសម្របសម្រួលដោយព្រះរាជអាជ្ញារង ទេព មុន្ទិន  លោក ឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវ ព្រមទាំងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកទ្រាំងផងដែរ។  ជាលទ្ធផលមុនពេលសមត្ថកិច្ចចុះទៅដល់ជនសង្ស័យដែលជាក្រុមជួញដូរគ្រឿញៀនទាំងនោះហាក់បីដូចជាដឹងមុនគឺបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនូវម៉ូតូចំនួន០៥គ្រឿងនៅនឹងផ្ទះ។ ក្រោយពីត្រួតពិនិត្យទៅលើម៉ូតូថែមទាំងនៅជុំវិញបរិវេណផ្ទះជនសង្ស័យឃើញមានបំពាក់កាំមេរ៉ាសុវត្ថិភាពផងនោះ សមត្ថកិច្ចជំនាញបានដាក់ការសង្ស័យនៅទីតាំងខាងលើនេះមួយបន្ថែមទៀតថាជាកន្លែងទទួលផលចោរកម្មផងដែរ។
បច្ចុប្បន្នវត្ថុតាងដែលមានការសង្ស័យជាប់ពាក់ព័ន្ធទាំងអស់ត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគបាលខេត្តតាកែវដើម្បីស្រាវជ្រាវបន្ត ចំណែកជនសង្ស័កម្លាំងសមត្ថកិច្ចនិងបន្តធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕