ទីតាំងទទួលទិញផលចោរកម្មមួយកន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាបតាមការចង្អុរប្រាប់ពីជនសង្ស័យដែលចាប់បាន

0

តាកែវ ៖ ទីតាំងទទួលទិញផលចោរកម្មមួយកន្លែងត្រូវបានសមត្ថចុះទៅបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធបានម្នាក់តាមការចង្អុរប្រាប់ពីជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាបបានកាលពីប៉ុន្មានថ្ងៃមុននៅស្រុកត្រាំកក់ ខេត្តតាកែវ។

បើតាមលោកវរសេនីយ៍ឯក យុង ញីវ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាក៏ដូចជាការណែនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគរបាលខេត្តតាកែវផងនោះ និងក្រោយពីកម្លាំងជំនាញក្រុងដូនកែវនិងកម្លាំងជំនាញ ស្រុកត្រាំកក់តាមប្រមាញ់ជនសង្ស័យបានម្នាក់ដែលធ្វើសកម្មភាពកាច់សោរកម៉ូតូកាលពីប៉ុន្មាន ថ្ងៃមុននោះហើយជនសង្ស័យបានសារភាពពីទីតាំងដែលខ្លួនតែងតែយកម៉ូតូទៅលក់ក្រោយពេលលួច ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការខេត្តតាកែវបានសហការជាមួយកម្លាំងជំនាញនៃស្នងការខេត្តកំពង់ស្ពឺបានចុះទៅបង្ក្រាប់ទីតាំងនោះហើយនិងបានចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ។ តាមរបាយការណ៍របស់កម្លាំងជំនាញនៃស្នងការខេត្តតាកែវដែលបានចំលើយពីជនសង្ស័យបង្ហាញថា កាលពីវេលាម៉ោង៤និង០០នាទីទៀបភ្លឺថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ឈ្មោះ សារិទ្ធ ភេទប្រុសអាយុ៣២ឆ្នាំ ហៅយិន សារិទ្ធ រស់នៅភូមិជៀច ឃុំទួលសង្កែ ស្រុកកំចាយមា ខេត្តព្រៃវែង បានបើកម៉ូតូឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ មិនចាំស្លាកលេខឌុបឈ្មោះ ចិន ភេទប្រុស ចេញពីក្រុងភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៣សំដៅមកទីរួមខេត្តតាកែវដើម្បីរកកាច់សោរកម៉ូតូ។ លុះមកដល់ម៉ោង៩និង៣០នាទី ក៏បានលួចកាច់សោរកម៉ូតូមួយគ្រឿងនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ម៉ាកសង់សេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៥ មានស្លាកលេខភ្នំពេញDG 2079 ដែលមានម្ចាស់ឈ្មោះ សំ ហាក់​ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរជាបុគ្គលិកក្រុមហ៊ុន។
របាយការណ៍ដដែលបន្តថា ដោយមានការសហការជាមួយកម្លាំងនគរបាលក្រុងដូនកែវនិងកម្លាំងនគរបាលស្រុកត្រាំកក់ បានធ្វើការពួនស្ទាក់ចាប់បានជនសង្ស័យម្នាក់ឈ្មោះ សា រិទ្ធ ហៅយិន សារិទ្ធ រីឯជនសង្ស័យឈ្មោះ ចិន បានជិះម៉ូតូរបស់ខ្លួនដែលជិះធ្វើសកម្មភាពគេចខ្លួនបាត់។ ក្រោយពីចាប់ខ្លួនបានហើយកម្លាំងជំនាញបានសាកសួររហូតជនសង្ស័យឆ្លើយសារភាពពីទីតាំងដែលតែងតែយកម៉ូតូទៅលក់ពេលធ្វើសកម្មភាពបានសម្រេច ។ ដោយឡែកនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តតាកែវបានបន្តការសហការជាមួយសមត្ថកិច្ចខេត្តកំពង់ស្ពឺ និងបានឃាត់ខ្លួនឈ្មោះ សុន ថុល ភេទប្រុសអាយុ៣៣ រស់នៅភូមិឈូកស ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលជានាក់ទទួលទិញម៉ូតូចោរកម្មនិងដកហូតវត្ថុតាងម៉ូតូ០១គ្រឿងទៀតពីជនសង្ស័យ។ ចំណែកឈ្មោះ សុន ថុល ក៏បានឆ្លើយសារភាពថាខ្លួនពិតជាបានទិញម៉ូតូក្នុងតម្លៃផ្សេងៗពីគ្នាតាមប្រភេទម៉ូតូដោយខ្លះ៣០០$ខ្លះ៥០០$ ខ្លះទៀត៦៥០$ បានបួនលើកពីជនសង្ស័យពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យជាចោរកម្មនិងអ្នកទទួលទិញផលចោរកម្មត្រូវបានកម្លាំងជំនាញនៃស្នងការនគរបាលខេត្តតាកែវកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងហើយកាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ដើម្បីចាត់ការតាមនីតិវិធី៕ (វីរៈ)