កំពង់ចាម: គម្រោងមូលនិធិឃុំ-សង្កាត់ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងការជួសជុល 
និងសាងសង់ផ្លូវនៅតាមមូលដ្ឋាន ដែលបានដាក់ឲ្យដេញថ្លៃផ្លូវចំនួន៣គម្រោងក្នុងស្រុកបាធាយ និង៤គម្រោងក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវបានគេសង្ស័យថាមានការបោះលុយទឹកតែ១៥%លើគម្រោងរបស់ឃុំបាធាយ និង២គម្រោងទៀតក្នុងស្រុកបាធាយ ត្រូវបានប្រកាសឆាចោលដោយមិនគ្រប់លក្ខខណ្ឌ ព្រោះពុំមានអ្នកកក់ប្រាក់ គឺមានតែអ្នកទៅទទួលយកលុយទឹកតែ។ដោយឡែកគម្រោងទាំង៤ឃុំក្នុងស្រុកកំពង់សៀម ត្រូវបានធ្វើការដេញថ្លៃដោយមានភាពសុក្រិត ព្រោះការចរចារមិនត្រូវរ៉ូវគ្នា ដោយមានអ្នកចាំទារយកលុយទឹកតែខ្ពស់កប់ពពក។
គម្រោងទាំង៣ឃុំក្នុងស្រុកបាធាយ ដែលត្រូវបានធ្វើការដេញថ្លៃ នៅសាលាបឋមសិក្សាជាលា ស្ថិតនៅក្នុងឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម រួមមាន គម្រោងរបស់ឃុំបាធាយ១គម្រោង មានការសាងសង់ផ្លូវបេតុងអារមេ១ខ្សែ ប្រវែង០.២០គម ដែលមានទឹកប្រាក់ប៉ាន់ស្មាន៨០,៨១៤,៣៦១៛(ប៉ែតសិបលាន ប្រាំបីរយដប់បួនពាន់ បីរយហុកសិបមួយ រៀល) ត្រូវបានក្រុមហ៊ុនចេង ពៅ ចរចារត្រូវរ៉ូវគ្នាក្នុងតម្លៃ៧៨,៨០០,០០០៛ ដែលជាតម្លៃប្រកៀកប្រកិតគ្នាជាមួយតម្លៃប៉ាន់ស្មាន ហើយមានអ្នកដាក់សំណើបង្គ្រប់ការតែ៣នាក់ប៉ុណ្ណោះ ព្រោះពួកគេបានខ្សឹបខ្សៀវចរចារតម្លៃគ្នារួចជាស្រេច នៅមុនពេលដេញថ្លៃ ដើម្បីទាញយកប្រាក់យ៉ាងក្រាស់ក្រែលពីគម្រោងលុយជាតិ យកទៅបែងចែកគ្នា៥%បានលើគណៈកម្មការម្ចាស់លទ្ធកម្ម និង១០%បានលើក្រុមហ៊ុនយកលុយទឹកតែ។ ទោះជាយ៉ាងណា ប្រធានគណៈកម្មការម្ចាស់លទ្ធកម្ម លោកស្រៀង ឃាង មេឃុំបាធាយ បានលើកឡើងថា ប្រសិនបើលោករកឃើញហេតុផលច្បាស់លាស់នៃការឃុបឃិតគ្នានេះ លោកនឹងធ្វើការបដិសេធចោល ហើយទុកធ្វើការប្រកាសដាក់ដេញថ្លៃនៅពេលក្រោយ។
ចំណែកគម្រោង២ឃុំទៀត នៅក្នុងស្រុកបាធាយនេះដែរ ត្រូវបានប្រកាសឆាចោលដោយមិនគ្រប់លក្ខខណ្ឌ ព្រោះម្ចាស់ក្រុមហ៊ុនដែលបានមកកន្លែងដេញផ្លៃ មិនមែនសុទ្ធតែអ្នកមកដាក់សំណើដេញថ្លៃនោះទេ អ្នកខ្លះគ្រាន់តែមកអង្គុយចាំយកលុយទឹកតែ ដោយពុំបានដាក់ប្រាក់កក់ចូលធនាគារដើម្បីធ្វើការដេញថ្លៃនោះឡើយ និងខ្លះទៀតបានកក់ប្រាក់ដែរ តែកក់ដើម្បីមកកំញើញទារលុយទឹកតែច្រើនៗទៀតផង។
ដោយឡែកគម្រោងចំនួន៤ឃុំទៀតនៅក្នុងស្រុកកំពង់សៀម ដែលបានធ្វើការដាក់ដេញថ្លៃ នៅសាលាអនុវិទ្យាល័យវិហារធំ ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានធ្វើការដេញថ្លៃដោយមានភាពសុក្រិតយុត្តិធម៌ គឺតម្លៃធ្លាក់ចុះទៀបមែនទែន ព្រោះការចរចារមួយព្រឹកធំមិនត្រូវរ៉ូវគ្នាសោះ ដោយអ្នកកក់ប្រាក់ដើម្បីទៅកំញើញគេនោះ បានទារលុយច្រើនៗពេក គឺតំណាងក្រុមហ៊ុននិមួយៗមានខ្លះទារ៥០០ដុល្លារ ខ្លះទារ៦០០ទៅ៧០០ដុល្លារ ទៀតផង ៕




































