ខេត្តរតនគិរី៖ ទេសរដ្ឋមន្ត្រី លី ធុជ អគ្គលេខាធិការ អាជ្ញាធរមីន ចាត់ទុកគ្រាប់បែក និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរបស់អាមេរិកដែលបន្សល់ទុកនៅរាយប៉ាយទូ
ទាំងប្រទេសកម្ពុជា ក្នុងអំឡុងសង្គ្រាម ទស្សវត្ស ៦០ ដល់ ៧៥ ជាង ២ លាន ៧ សែន តោនគ្រាប់នោះ គឺជាបន្ទុករ៉ាប់រងដ៏ធ្ងន់ធ្ងរ របស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ។
ការលើកឡើងដូចនេះរបស់ ទេសរដ្ឋមន្ត្រី លី ធុជ គឺបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋជាង ៤០ គ្រួសារ ដែលរស់នៅលើតំបន់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបន្សល់ទុកពីសម័យសង្គ្រាម និងពិនិត្យមើលជាក់ស្តែងនូវសកម្មភាពបោសសំអាត យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរបស់អង្គការ MAG និងអង្គការ NPA ស្ថិតនៅទីតាំង តាមផ្លូវជាតិ ៧៨ A ត្រង់ចំណុច ភូមិប៉ុង ឃុំប៉ុង ស្រុកវ៉ើនសៃ ខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ ។
ថ្លែងក្នុងឱកាសនោះទៀតដែរ អគ្គលេខាធិការអាជ្ញាធរមីនរូបនេះ បានអោយដឹងទៀតថា គ្រាប់បែកអាមេរិកទាំងនេះ បានធ្វើអោយប្រជាជនកម្ពុជាស្លូតត្រង់ ស្លាប់ និងរបួស រងគ្រោះខ្លោចផ្សា បន្សល់ទុកនូវស្ត្រីមេម៉ាយ កុមារកំព្រារាប់មិនអស់ និងភាពក្រីក្រ វេទនារកអ្វីប្រៀបផ្ទឹមពុំបាន ។
គួរបញ្ជាក់ថា នៅទូទាំងប្រទេសកម្ពុជា ផ្ទៃដីដែលមិនទាន់បានបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ មានចំនួន ១៩៧០ គីឡូម៉ែតការ៉េ ហើយផ្ទៃដីដែលបោសសំអាតរួច គិតពីឆ្នាំ ១៩៩២ ដល់បច្ចុប្បន្ន បានចំនួន ១៦២៧ គីឡូម៉ែតការ៉េ ដោយឡែកភូមិភាគឥសាន្ត ផ្ទៃដីរំដោះបាន ២៦ គីឡូម៉ែតការ៉េ នៅសល់ ផ្ទៃដី ចំនួន ៣៩៩ គីឡូម៉ែតការ៉េទៀតនៅភូមិភាគឥសាន្ត មិនទាន់បានរំដោះ ។
ដោយឡែក គ្រាប់ដែលបោសសំអាតនៅទូទាំងប្រទេស គិតពីឆ្នាំ ១៩៩២ ដល់បច្ចុប្បន្ន រួមមាន មីនប្រឆាំងមនុស្សមានចំនួនជាង ១លាន សូន្យសែន ៤ម៊ឺន គ្រាប់ និងមីនប្រឆាំងរថគ្រោះមានចំនួនជាង ២ម៊ឺន ៤ពាន់ គ្រាប់ ៕ ដោយ: យក្ខឡោម





































