កំពង់ចាម៖ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤នេះ សមត្ថកិច្ចបានបញ្ជូនមនុស្ស៥នាក់ ដែលត្រូវឃាត់ខ្លួនក្រោមការដឹកនាំបញ្ជារបស់លោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ចំណុចទីតាំងផ្ទះបើកល្បែងភ្នាល់បាល់តាមអ៊ីនធើណេត ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម ។
លោក វរសេនីយ៍ទោ សុខ សំបូរ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបាន ឲ្យដឹងថា ដោយទទួលបានបទបញ្ជា ពីលោក ព្រះរាជអាជ្ញារង ផាន់ សុភ័ក្រ និង លោកនាយឧត្តមសេនីយ៍ស្នងការខេត្ត ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាប ករណីបើកលេងល្បែងភ្នាល់បាល់ទាត់តាមអ៊ីនធើណេត ចំណុចទីតាំងខាងលើ ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ រួមមាន៖ ១-ឈ្មោះ តូ សុភ័ក្រ អាយុ៣៥ឆ្នាំ រស់នៅភូមិសំរោង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ២-សុន សាន្ត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបឹងកុក សង្កាត់បឹងកុក ក្រុង-ខេត្តកំពង់ចាម ។
៣-ម៉ុង និមល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិបឹងកុក សង្កាត់បឹងកុក ក្រុង-ខេត្តកំពង់ចាម ។ ៤-ដា ឈុនហាក់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអំពិលលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ និងទី៥ឈ្មោះ ងួន ដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបឹងកុក សង្កាត់បឹងកុក ក្រុង-ខេត្តកំពង់ចាម ។
លោកនាយការិយាល័យបានបញ្ជាក់ទៀតថា សមត្ថកិច្ចបានរឹបអូសវត្ថុតាង រួមមាន កុំព្យូទ័រ១គ្រឿងមួយឈុត ម៉ាស៊ីនព្រីនធើ១ វិក័យប័ត្រ លេបថប១ ទូរស័ព្ទសាំសុងធំ១ ម៉ូតូចំនួន៣គ្រឿង និងថវិការមួយចំនួនផងដែរ ។ ទាំងជនសង្ស័យចំនួន៥នាក់ និងវត្ថុតាង ជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលារការចាត់ការទៅតាមនីតិវិធី ៕