ខេត្តព្រះសីហនុ បេក្ខជនចំនួន១៥៦នាក់ បានមកចូលរួមប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិឆ្នាំ២០១៧ នៅខេត្តព្រះសីហនុ។
ការប្រឡងនេះត្រូវបានធ្វើឡើង ព្រឹកថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៧ នៅសាលាវិទ្យាល័យក្រុងព្រះសីហនុដោយមានវត្តមានឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ មកកាត់ស៊ីលចាក់សោរ បេីកប្រអប់វិញ្ញាសា នៅចំពោះមុខក្រុមការងារថ្នាក់កណ្ដាលរៀបចំការប្រឡង និងនៅចំពោះមុខបេក្ខជន បេក្ខនារីផ្ទាល់តែម្តង។
លោកវរសេនីយ៍ឯក សុខ ដូណាល់ នាយការិយាល័យបុគ្គលិក បានឲ្យដឹងថា៖ បេក្ខជនដែលត្រូវចូលរួមប្រឡងមានចំនួន១៦៤នាក់ បានមកប្រឡងចំនួន១៥៦នាក់ អវត្តមាន៨នាក់។
លោក សុខ ដូណាល់ បញ្ជាក់ថាចំនួនក្របខណ្ឌនគរបាលថ្មីដែលត្រូវជ្រើសរើសមានចំនួន ៦៤ នាក់។
ការប្រឡងនេះមានពីរវិញ្ញាសា៖ វិញ្ញាសាទី១ចំណេះដឹងទូទៅ មានរយៈពេល១ម៉ោង៣០នាទី និង វិញ្ញាសាទី២ចំណេះដឹងអំពីកិច្ចការនគរបាល មានរយៈពេល១ម៉ោង៣០នាទីដូចគ្នា។





































