កំពង់ចាម: ដោយប្រជាពលរដ្ឋកម្ពុជាភាគច្រើន និយមគោរពប្រណិប័តន៍លើធម៌ព្រះពុទ្ធសាសនា ហើយតែងតែចូលចិត្តធ្វើបុណ្យទានជាប្រចាំ ក្នុងនោះពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិដទៃទៀត ដោយពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនឹងខែកញ្ញា ឬតុលា។
ដោយពិធីបុណ្យកាន់បិណ្ឌវេនទី១២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវបានលោកឧកញ៉ា ស៊ឹង សំអុល និងលោកជំទាវ ឃិន ស្រីមុំ លោកចាន់ ផល្លី អភិបាលក្រុងកំពង់ចាម និងស្រី រួមជាមួយសប្បុរសជន ពុទ្ធបរិស័ទជាច្រើនទៀត បានប្រារព្ធធ្វើឡើងនៅវត្តខែលជ័យសិរីសោភ័ណមុនីរតនៈ ស្ថិតនៅក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយបាននាំយកចង្ហាន់ សម្ភារៈ និងបច្ច័យមួយចំនួនទៅប្រគេនដល់ព្រះសង្ឃផងដែរ។
ក្នុងនោះលោកឧកញ៉ា ស៊ឹង សំអុល និងលោកជំទាវ បានចូលបច្ច័យកសាងទីវត្តអារាមជាច្រើន មានដូចជាបច្ច័យកសាងរូបគំនូរក្នុងព្រះវិហារ បច្ច័យកសាងរៀបឥដ្ឋការឡាជុំវិញឃឿនវិហារ ព្រមទាំងបានប្រគេនបច្ច័យដល់ព្រះសង្ឃ និងជូនថវិកាដល់លោកតា លោកយាយ និងកុមារតូចៗផងដែរ។
ដោយឡែកលោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម និងលោកស្រី បាននាំយកសម្ភារៈ និងថវិកាទៅប្រគេនដល់ព្រះសង្ឃរួមមាន អង្ករ១បាវ មី២០កេះ ទឹកសុទ្ធ២០កេះ ទឹកក្រូចនិងទឹកផ្លែឈើ២កេះ ទឹកត្រីនិងទឹកស៊ីអ៊ីវ២យួរ និងថវិកាមួយចំនួនផងដែរ ៕