អង្គភាព​ប្រឆាំង​អំពើពុករលួយ​បង្ហើប​ពី​ការចាប់ខ្លួន​ផ្កាយ​២​មួយរូប​

0

​ភ្នំពេញ ៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​បង្ហើប​ឲ្យ​ដឹង​អំពី​គម្រោង​នឹង​ចាប់ខ្លួន​ផ្កាយ​២​មួយរូប​ទាក់ទង​ទៅនឹង​អំពើពុករលួយ​។​ ​លោក​ទេសរដ្ឋមន្ត្រី​ឱម យ៉ិនទៀង បញ្ជាក់​បែបនេះ ខណៈពេលដែល​លោក​បាន​ចូលរួម​ធ្វើ​បទឧទ្ទេសនាម​ក្រោម​ប្រធានបទ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​នៅ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ​កាលពី​រសៀល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៤​។​ ​

លោក​ទេសរដ្ឋមន្ត្រី​លើកឡើង​យ៉ាងនេះ​ថា​«​ឥឡូវនេះ​ខ្ញុំ​សូមជម្រាបថា យើង​បានចេញ​ដីកាចាប់ខ្លួន​ចំនួន​២​នាក់ ហើយ​នៅ​អាទិត្យ​ក្រោយ​សូម​ជ្រាបថា នឹង​ចេញ​ដីកាចាប់ខ្លួន​ផ្កាយ​២​ម្នាក់ទៀត​ដែល​បាន​រត់គេច ហើយ​យើងខ្ញុំ​នឹង​ប្រកាស​នៅក្នុង​វ៉េបសាយ​អំពី​ការស្វែងរក​ចាប់ខ្លួន​ផ្កាយ​២​ម្នាក់​នោះ​»​។ លោក​បញ្ជាក់ថា ករណីនេះ​នៅ​មិនទាន់មាន​អ្នកណា​ដឹង​ច្រើន​ទេ ប៉ុន្តែ​លោក​បាន​បង្ហើប​ប្រាប់​សិស្ស​ឲ្យ​បានដឹង​ជាមុន​។​ ​

ទោះជា​យ៉ាងណា​លោក​ទេសរដ្ឋមន្ត្រី​ឱម យ៉ិនទៀង មិនបាន​បង្ហើប​ឲ្យ​ដឹង​អំពី​សមាសភាព​ផ្កាយ​២​រូបនោះ​ស្ថិតនៅក្នុង​ស្ថាប័ន​ប៉ូលិស ឬ​ទាហាន​នោះទេ​។​ ​គួររំលឹកថា ទាក់ទង​នឹង​ការចាប់ខ្លួន​មន្ត្រី​ធំៗ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នេះ​មិនមែនជា​លើក​ទី​១ ទេ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចាប់ខ្លួន​នោះ ដែល​កន្លងមក​អង្គភាព​មួយ​នេះ​ធ្លាប់បាន​ចាប់​ឧ​ត្ត​ម​សេនីយ៍​ថ្នាក់​ផ្កាយ​ជាច្រើន​នាក់​រួចមកហើយៗ​ក៏មាន​មន្ត្រី​នៅក្នុង​រាជរដ្ឋាភិបាល​មួយចំនួន​ផងដែរ​ទាក់ទង​នឹង​អំពើពុករលួយ​៕​M14-06-14-t-full