បុរស​២នាក់​​ជិះម៉ូតូទៅលេងផ្ទះម្តាយ​ នាឱកាស​បុណ្យភ្ជុំបិណ្ឌ​ ហើយត្រូវ​ចរន្ត​ខ្សែ​ទឹក​ហូរ​គួច​យក​ទៅ​បាត់​ម្នាក់​ រយៈពេល​ជាង​២៨ម៉ោង​ ទើប​ប្រទះឃើញ​សព​

0

ត្បូងឃ្មុំ​:​ ​បុរស​ជា​ចុង​ភៅ​ម្នាក់​ ដែល​បាន​បាត់ខ្លួន​ដោយ​ត្រូវ​ចរន្ត​ខ្សែ​ទឹក​ហូរគួច​ប៉ើង​ធ្លាក់​ចូល​ទៅ​ក្នុង​ព្រែក​​ គ្រា​ដែល​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ឆ្លង​កាត់​ទឹក​ដែល​កំពុង​ហូរ​លិច​ស្ពាន​ កាល​ពី​វេលាម៉ោង​២រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​​ នៅ​ចំណុច​ស្ពានព្រែកតាខ្វាន់​ ស្ថិត​ក្នុង​ភូមិទួលគរ​ ឃុំទន្លេបិទ​ ស្រុក-ខេត្តត្បូងឃ្មុំ​ ហើយសាក​សព​ជនរងគ្រោះ​ត្រូវបាន​រក​ឃើញ​កាល​ពី​វេលាម៉ោង​៦និង​១៥នាទី​ព្រឹក​ ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ពោល​គឺ​រយៈ​ពេល​ជាង​២៨ម៉ោង​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​២០០ម៉ែត្រ​ពី​កន្លែង​កើត​ហេតុ​។​
សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ជនរងគ្រោះ​មាន​ឈ្មោះប៉ូច ប៉ាវ​ ភេទប្រុស​ អាយុ២៤ឆ្នាំ​ ជាតិខ្មែរ នៅភូមិកំពង់ស្ដីលើ​ ឃុំ​កំពង់​រាប​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម​។
ក្រោយពីទទួលបានព័ត៌មាន​ កម្លាំង​ជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ​ សហការណ៏ជាមួយប៉ុស្តិនគរបាលរដ្ឋបាលទន្លេបិទ​ ពេទ្យមណ្ឌលសុខភាពទន្លេបិទ​ បានចុះដល់កន្លែងកើតហេតុ​ ដើម្បី​ធ្វើការស្រាវជ្រាវពិនិត្យសព​ ដោយ​ឃើញថា​ជនរងគ្រោះ​ពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន​ គឺពុំមាន​ជាប់​ពាក់ព័ន្ធ​លើ​បទល្មើសព្រហ្មទ័ណ្ឌឡើយ​ ហើយ​សព​ត្រូវ​​បានប្រគល់ទៅ​ឲ្យ​ក្រុមគ្រួសារយកទៅធ្វើបុណ្បតាមប្រពៃណី។
គួររំលឹក​ផង​ដែរ​ថា​ បុរស២នាក់មានមុខរបរជាចុងភៅលក់គ្រឿងក្លែម ដោយ​ម្នាក់មានឈ្មោះ ប៉ូច ប៉ាវ អាយុ២៤ឆ្នាំ និង​ម្នាក់ទៀតឈ្មោះ ធូ ចាន់ឌី អាយុ២៨ឆ្នាំ​ រស់នៅភូមិចុងព្រែក ឃុំមហាលាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ពួកគាត់​ទាំង​២នាក់​ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥​ សេរី​ឆ្នាំ២០១៤ ដឹកគ្នាពីហាងផឹកសីុ យីហោចំប៉ីស (គល់ស្ពានគីហ្សូណាត្រើយទន្លេបិទ) ឆ្ពោះទៅលេងស្រុកកំណើត​ នៅស្រុកកោះសូទិន ក្រោយចប់ការងារនៅ​វេលាម៉ោង១២យប់​ លុះធ្វើដំណើរដល់​ចំណុច​ស្ពាន ព្រែកតាខ្វាន់​ ភូមិទួលគរ​ ឃុំទន្លេបិទ​ស្រុកត្បូងឃ្មុំ នៅវេលាម៉ោង២​រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ជនរងគ្រោះឈ្មោះ ប៉ូច ប៉ាវ បានឲ្យឈ្មោះធូ ចាន់ឌី ដែលជិៈពីរក្រោយចុះដើរ ចំណែកគាត់ បានជិះម៉ូតូយ៉ាងលឿនឆ្លងកាត់ទឹកដែលកំពុងហូរលិចស្ពាន ឆ្ពោះទៅត្រើយម្ខាង បណ្ដាលឲ្យបើុងគួចតាមចរន្តទឹក លិចទៅបាត់ទាំងមនុស្សនិងម៉ូតូ។
លុះព្រឹកឡើងក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ​ បានរាវរកឃើញម៉ូតូរបស់ជនរងគ្រោះវិញ ចំណែកជនរងគ្រោះ ត្រូវ​បានជួលបងប្អូន​ខ្មែរ​ឥស្លាម​ឲ្យ​មុជទឹករាវរកបន្ដទៀត រហូតដល់​ព្រឹក​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ពោល​គឺ​រយៈ​ពេល​ជាង​២៨ម៉ោង​ទើប​ប្រទះឃើញ​សព​ជនរងគ្រោះ​ ហើយ​ទទួល​យក​ទៅ​ធ្វើរបុណ្បតាមប្រពៃណី​ ៕