សៀមរាប ៖ មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់កន្តួតខ្នារក្រៅ បានចាប់រថយន្តដឹកឈើប្រភេទយីឌុបខ្នាតយក្សចំនួន ២គ្រឿង ដែលមួយគ្រឿងលួចបង្កប់ឈើគ្រញូងយ៉ាងច្រើន ក្រោមដំឡូងមី និងមួយគ្រឿងទៀតផ្ទុកឈើ ប្រភេទលេខ២ពេញមួយឡានបន្លំថាឈើផ្ទះចាស់។
ប្រតិបត្តិការចាប់រថយន្តដឹកឈើដោយខុសច្បាប់ ទាំង២គ្រឿងខាងលើនេះ ធ្វើឡើងកាលពីម៉ោង ២និង៣០នាទី រសៀលថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៤ នៅចំណុចផ្លូវគ្រួសក្រហម១ខ្សែ ដែលតភ្ជាប់ពីស្រុកត្រពាំងប្រាសាទខេត្ត ឧត្តរមានជ័យ មកកាន់ស្រុកស្វាយលើខេត្តសៀមរាប។ ដែលស្ថិតក្នុងភូមិអូរតាកុក ឃុំកន្តួតស្រុកស្វាយលើខេត្ត សៀមរាប។
ឡានយីឌុបដែលបង្កប់ឈឺគ្រូងក្រោមដំឡូង ម៉ាកហ៊ីណូក្បាលពណ៏ត្រួយចេក ពាក់ស្លាកលេខកំពង់ចាម ៣អា២២៥២ ចំណែកឡានដឹកឈើលេខ២ ម៉ាកហ្វុយសូ ក្បាលពណ៏ខៀវមិនមានស្លាកលេខទេ។ លោកសេង លន នាយសង្កាត់រដ្ឋបាលព្រៃឈឺកន្តួតខ្នារក្រៅ បានឲ្យដឹងថា ដំបូងសមត្ថកិច្ចរបស់លោក កំពុងដាំកូនឈើហើយប្រទះឃើញឡានដឹកឈើផ្ទះចាស់មួយគ្រឿងបានធ្វើចរាចរណ៏លើដងផ្លូវខាងលើ។ ដោយ សង្ស័យថាមានភាពមិនប្រក្រតី ខាងលោកបានឃាត់ឆែកលិខិតស្នាម ក្នុងពេលឆែកមានលិខិតអនុញាតិ ឲ្យដឹកឈើផ្ទះចាស់ ដែលចុះហត្ថលេខាដោយ អភិបាលរងស្រុកត្រពាំងប្រាសាទ លោកឈឹម ស៊ីវុធ។
ពេលឆែក នៅលើឡានមានសុទ្ធតែឈើថ្មីទាំងអស់ ទើបខាងលោកបញ្ជាឲ្យឡានបើកទៅកាន់សង្កាត់ដើម្បីត្រួតពិនិត្យ ប៉ុន្តែអ្នកបើកឡានមិនព្រមហាក់បីដូចជានៅរងចាំអ្នកបញ្ជា។ ភ្លាមៗនោះក៏ឃើញឡានដឹកដំឡូងមីមួយឡានទៀត ហើយខាងលោកបានឃាត់ពិនិត្យ ដោយយកដែកស្រួចចាក់ពីលើដំឡូង។ ក្នុងពេលមេព្រៃយកដែកចាក់ អ្នកបើកឡានរួមទាំងព្រូ បានរត់ចូលទៅក្នុងព្រៃបាត់ ទើបមេព្រៃដឹងថាឡានមានបង្កប់ឈើ ទើបនាំយកទាំងឡានឈើផ្ទះ ចាស់ទាំងឡានដឹកដំឡូងទៅកាន់ស្នាក់ការសង្កាត់។
ឃើញសភាពដូចខាងលើ ក៏បានរាយការជូនលោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តសៀមរាប ដោយលោកបញ្ជាឲ្យនាំឡានដឹកឈើ ទាំងពីរទៅ ពិនិត្យ។ លោកបន្តថា ជាលទ្ធផល ឈើគ្រញូងមានចំនួន១១៩៤ដុំ ទម្ងន់១៥៦៨២គីឡូក្រាម ស្មើ១៣,០៦៨ ម៉ែត្រគូប។ ដោយឡែកឈើថ្មីដែលអះអាងថាជាឈើផ្ទះចាស់ មានចំនួន៧៦៤សន្លឹកស្មើ៣២,៤២៣ ម៉ែត្រគូប។ ឡានទាំងពីរគ្រឿងនិងឈើទាំងពីរប្រភេទ ខាងលោកបានកំពុងរៀបចំរឿង បញ្ជូនទៅផ្នែកដើម្បីចាត់ការបន្ត។
លោកនាយសង្កាត់បានបន្ថែមថា ក្នុងពេលកំពុងវាស់វែងឈើទាំងពីរឡានខាងលើ ក៏ស្រាប់តែលេចមុខ បុរសម្នាក់មកសួរនាំ ហើយចង់ដោះស្រាយយកឡានដឹកឈើគ្រញូងត្រឡប់ទៅវិញ។ បុរសនោះមានឈ្មោះគាំ កំសាន កើតឆ្នាំ១៩៧៧ ស្រុកកំណើតនិងលំនៅស្ថានបច្ចុប្បន្នភូមិផ្ទះខ្ពស់ឃុំតុងរ៉ុង ស្រុកព្រៃឈរខេត្តកំពង់ចាម។ បុរសខាងលើបានឲ្យមេព្រៃដឹងថាម្ចាស់ឡានដឹកឈើគ្រញូងឈ្មោះ កំសត់ ប្រុសអាយុជិត៥០ឆ្នាំនៅខេត្តកំពង់ ចាម គាត់ជាបងបង្កើតរបស់ខ្លួន។ ក្រោយដឹងថាមេព្រៃសៀមរាបចាប់ឡាន ម្ចាស់ឡានបានឲ្យរូបគេ ចូលខ្លួនសាកសួររឿងដោះស្រាយ តែ ភ្លាមៗ ខាងមេព្រៃបានឃាត់ដើម្បីសាកសួរព័ត៏មានលំអិត។
ជាមួយហេតុការណ៏ដែលផ្តើមចេញ ពីការដឹកឈើផ្ទះចាស់តែឈើថ្មីទាំងអស់ ដែលចេញលិខិតអនុញាតិ ដោយលោកឈឹម ស៊ីវុធ អភិបាលរងស្រុកត្រពាំងប្រាសាទ ខេមរាមិនអាចសុំការពន្យល់បានទេ ដោយលោក ប្រាប់យ៉ាងខ្លីថា មិនមែនជារឿងរបស់លោក ហើយក៏ចុចបិទទូរសព្ទ័ទៅ។ ដោយឡែកលោកសំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ដែលចុះទៅកន្លែងកើត ហេតុ បានឲ្យដឹងថា ចំពោះបុរសម្នាក់ដែលចូលខ្លួនបំណងដោះស្រាយយកឡានដឹកឈើគ្រញូង មិនទាន់ដឹងថា អាយ្យកា បញ្ជាឲ្យឃាត់ខ្លួនឬយ៉ាងណាទេ ព្រោះមេព្រៃកំពុងសាកសួរនៅឡើយ។ គឺក្រោយមេព្រៃសាកសួររួច ហើយរងចាំអាយ្យកាបញ្ជា។