ព្រះវិហារៈសួនលីណា÷
មន្ត្រីកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សហការជាមួយកម្លាំង(ក២កងពលតូចអន្តរាគមន៍លេខ៨)បានធ្វេីការបង្ក្រាបមុខសញ្ញាចែកចាយ សារធាតុញៀន ចំនួន២នាក់ រឹបអូសបានថ្នាំញៀន៤៨កញ្ចប់ ក្នុងនោះធំ១៥កញ្ចប់ និងកញ្ចប់តូច៣៣ កាលរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ។
លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ បានអោយដឹងថាដោយមាន ការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារផងនោះ កម្លាំងកងអាវុធហត្ថស្រុកជាំក្សាន្តចំនួន៧នាក់ សហការជាមួយកម្លាំង(ក២កងពលតូចអន្តរាគមន៍លេខ៨) ដឹកនាំកម្លាំងដោយលោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការ កងរាជអាវុធហត្ថស្រុកជាំក្សាន្ត ក្រោមកាសម្របសម្រួលពីលោក សេ្រង ម៉េងស៊្រុន ព្រះរាជអជ្ញារងសាលាដំបូងខេត្តព្រះវិហារ បានឆ្មក់ទៅបង្ក្រាបបានមុខសញ្ញាចែកចាយសារធាតុញៀនបានចំនួន២នាក់ និងរឹបអូសបានថ្នាំញៀនចំនួន៤៨កញ្ចប់ ក្នុងនោះធំ១៥កញ្ចប់ និងតូច៣៣កញ្ចប់នៅចំណុច ភូមិបង្គោលប្រាំបី ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ ។
លោកអនុសេនីយ៍ឯកបន្តថា ជនសង្ស័យដែលកម្លាំងឃាត់បានទី១ឈ្មោះ ថោង ចន្ថា ភេទស្រី អាយុ៤២ឆ្នាំមុខរបបរលក់ដូរ រស់នៅភូមិត្រពាំងត្រែង សង្កាត់សាលាគំរេីក ក្រុងសៀមរាប ខេត្តសៀមរាប និងទី២ឈ្មោះ ឈុំ សុខហៀង ភេទស្រី អាយុ២៩ឆ្នាំ មុខរបបរកសិក រស់នៅភូមិបង្គោលប្រាំបី ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមនិងវត្ថុតាងថ្នាំញៀនប្រភេទម្សៅក្រាមពណ៍សថ្លា(ម៉ាទឹកកក) សរុប៤៨កញ្ចប់ ។
លោកអនុសេនីយ៍ឯក ជុន បូរ៉ា បានបញ្ជាក់អោយដឹងផងដែរថា ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុករាបចំកសាងសុំរឿងបញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្តចាត់ការបន្តទៅតាមនិតិវិធីនៃច្បាប់ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ៕ អត្ថបទសួនលីណា