តាកែវ៖ លោក អ៊ូច ភា អភិបាលរងខេត្តតាកែវបានធ្វើការអំពាវនាវអោយអាណាព្យាបាលសិស្សទាំងអស់ដែលមានកូនហើយដល់អាយុចូលរៀនត្រូវបញ្ជូន
កូនមកចុះឈ្មោះចូលរៀនអោយបានគ្រប់គ្នាៗ ព្រោះដំណើរការចុះឈ្មោះចូលរៀននិងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះ នេះជាលើកឡើង សម្ពោធ សាលាបឋមសិក្សាដើមគរសាម្យង់ ដែលជាអំណោយរបស់អង្គការដៃល្អប្រទេសកូរ៉េខាងត្បូង ដែលស្ថិតនៅក្នុងឃុំបូរីជលសារ ស្រុកបូរីជលសារ នៅព្រឹកថ្ងៃ ពុធ ទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៧នេះ។
លោក អ៊ូច ភា អភិបាលរងខេត្តតាកែវបានថ្លែងថា មានតែការបញ្ជូនកូនចូលរៀនទេ ទើបធ្វើអោយអនាគតពួកគេមានការប្រែប្រួល និយាយជារួមនៅពេលដែលកូនរបស់បងប្អូនទទួលបានការអប់រំខ្ពង់ខ្ពស់វានិងធ្វើអោយពួកគេមានអនាគតល្អនិងជាពិសេសបានជៀសផុតពីភាពក្រីក្រ។ គ្មានទ្រព្យសម្បត្តិអ្វីប្រសើរជាងទ្រព្យចំណេះវិជ្ជានោះទេ។
លោកអភិបាលរងខេត្តបានបន្តថា រាជរដ្ឋាភិបាលបច្ចុប្បន្នបានធ្វើការសាងសង់សាលានិងគៀងគររកជំនួយពីប្រទេសនានាមកជួយកសាងសាលាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអោយសាលានៅជិតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ។ រដ្ឋាភិបាលបានបញ្ជូនគ្រូបង្រៀនមកជួយបង្រៀននៅតាមសាលាទីជនបទ ដោយបានធ្វើការលើកទឹកចឹត្តលោកគ្រូអ្នកគ្រូនិងបានតំឡើងប្រាក់បៀវត្តន៏ជូនលោកគ្រូអ្នកគ្រូជារៀងរាល់ឆ្នាំ។ នេះជាការយកចឹត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិស័យអប់រំ ដែលការយកចឹត្តទុកដាក់នេះគឺក្នុងគោលបំណងជួយបងប្អូនប្រជាពលរដ្ឋនិងដើម្បីអោយប្អូនៗជំនាន់ក្រោយដែលទទួលបានការអប់រំខ្ពង់ខ្ពស់ចូលកសាងនិងអភិវឌ្ឍន៏ប្រទេសជាមួយរាជរដ្ឋាភិបាល៕





































