គម្រោង​ដេញផ្លៃ​សាងសង់​ផ្លូវ​៤ខ្សែ​ នៅ​ស្រុក​អូរាំង​ឪ​ មាន​ភាព​សុក្រិត​ ​យុត្តិធម៌​ អាច​ទទួល​យក​បាន​ ប៉ុន្តែ​​មាន​ភាព​រញ៉េរញ៉ៃ​បន្តិច

0

ត្បូងឃ្មុំ​:​ គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០១៧​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ក្នុង​ការ​ជួសជុល​ និង​សាងសង់​ផ្លូវ​នៅ​តាម​មូលដ្ឋាន​ ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ផ្លូវ​ចំនួន៤ខ្សែ​ កាលពី​

ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ នៅ​សាលា​ស្រុក​អូរាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​ ត្រូវបាន​គេ​មើល​ឃើញ​ថា​ មាន​ភាព​សុក្រិត​ និង​យុត្តិធម៌​ ដែល​អាច​ទទួល​យក​បាន​ ទន្ទឹម​នឹង​នោះ​ឃើញ​ថា​ មាន​ភាព​រញ៉េរញ៉ៃ​បន្តិច​ ព្រោះ​ការ​ចរចារ​ដើម្បី​រក​ផលប្រយោជន៍​ របស់​ក្រុមហ៊ុន​ម៉ៅការ​មិន​ត្រូវរ៉ូវ​គ្នា​សោះ។
នាឱកាស​នោះ​ដែរ លោក​ងួន​ ប៊ុណ្ណា​ អភិបាល​ស្រុក​អូរាំង​ឪ​ បាន​ស្នើរ​សុំ​ឲ្យ​តំណាង​ក្រុមហ៊ុន​ទទួល​ការ​ទាំង​អស់​ ដែល​មាន​វត្តមាន​ចូលរួម​​ក្នុង​ការ​ដេញផ្លៃ​នេះ​ គឺ​សូម​ឲ្យ​មានការ​ដេញថ្លៃ​ដោយ​សេរី​ ​និងយុត្តិធម៌​ ហើយ​​ត្រូវ​ដាក់​សំណើ​ដេញ​ថ្លៃ​ឲ្យ​បាន​គ្រប់​ៗ​គ្នា​ ជៀសវាង​ការ​ឃុបឃិត​គ្នា​ក្នុង​រូបភាព​ណាមួយ​ជា​ដាច់ខាត​ ព្រោះ​នេះ​ជា​កញ្ចប់​ថវិកា​របស់​ជាតិ​ ដែល​បាន​ទម្លាក់​ចុះ​មក​ឲ្យ​ឃុំ​ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​ ដូច្នេះ​ការ​ដេញ​ថ្លៃ​ធ្វើ​យ៉ាងណា​ ​ត្រូវ​ឲ្យ​មាន​តម្លាភាព​ និង​ការ​សាងសង់​ផ្លូវ​ឲ្យ​​ត្រូវ​តាម​ស្តង់ដារ​លក្ខណៈ​បច្ចេកទេស​ផង​ដែរ​។
ក្នុង​នោះ​ដំណើរការ​នៃ​ការ​ដេញ​ថ្លៃ​ ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ១-គឺ​គម្រោង​សាងសង់​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រវែង​២.០៥​ គ.ម​ និង​ដាក់​លូ​មុខ​កាត់​១០០០មម​ ចំនួន​១កន្លែង​​ របស់​ឃុំ​គងជ័យ​ ក្នុង​តម្លៃ​ទឹកប្រាក់​ប៉ាន់ស្មាន​ជាង​៨៤លានរៀល​ ត្រូវ​បាន​ក្រុមហ៊ុន​ សាម​ ស្រ៊ិន​ ធ្វើការ​ដេញ​យក​ក្នុង​តម្លៃ​ជាង​១៥លានរៀល​។
២-គម្រោង​សាងសង់​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រវែង​១.៥៥​ គ.ម​ និង​ដាក់​លូ​មុខ​កាត់​០.៨ម​ ចំនួន​១កន្លែង​ របស់​ឃុំ​ចក​ ក្នុង​តម្លៃ​ទឹកប្រាក់​ប៉ាន់ស្មាន​ជាង​៦៤លានរៀល​ ត្រូវ​បាន​ក្រុមហ៊ុន​ កេត​ ម៉េងឡាយ​ ធ្វើការ​ដេញ​យក​ក្នុង​តម្លៃ​ជាង​២២លានរៀល​។
៣-គម្រោង​សាងសង់​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រវែង​២.២៥​ គ.ម​ របស់​ឃុំ​ដំរិល​ ក្នុង​តម្លៃ​ទឹកប្រាក់​ប៉ាន់ស្មាន​ជាង​៦៦លានរៀល​ ត្រូវ​បាន​ក្រុមហ៊ុន​ គុជ​ វាសនា​ ធ្វើការ​ដេញ​យក​ក្នុង​តម្លៃ​ជាង​១៥លានរៀល​។
និង​៤-គម្រោង​សាងសង់​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រវែង​១.៩៨​ គ.ម​ និង​ដាក់​លូ​មុខ​កាត់​០,៦ម​ ចំនួន​១កន្លែង​ របស់​ឃុំ​ទួល​សុភី​ ក្នុង​តម្លៃ​ទឹកប្រាក់​ប៉ាន់ស្មាន​ជាង​៦៦លានរៀល​ ត្រូវ​បាន​ក្រុមហ៊ុន​ សាម​ ស្រ៊ិន​ ធ្វើការ​ដេញ​យក​ក្នុង​តម្លៃ​ជាង​១៥លានរៀល​។
ដោយការ​ដាក់​ដេញ​ថ្លៃ​​គម្រោង​សាងសង់​ផ្លូវ​លំ​ទាំង​៤ឃុំ​ខាង​លើ​ បាន​ដំណើរ​ការ​ដោយ​រលូន​ ព្រមទាំង​មាន​តម្លៃ​ធ្លាក់​ចុះ​ជាង​ពាក់​កណ្ដាល​ផង​នោះ​ ប្រធាន​គណៈ​កម្មាការ​ម្ចាស់​លទ្ធកម្ម​ឃុំ​ បាន​ធ្វើការ​ប្រកាស​ទទួល​យក​ដោយ​រីករាយ​ ហើយ​សង្ឃឹម​ថា​ក្រុមហ៊ុន​អ្នក​ទទួល​ការ​ទាំង​អស់​ ត្រូវ​អនុវត្តន៍​ការងារ​សាងសង់​ផ្លូវ​ ឲ្យ​មាន​គុណភាព​ ​និង​ត្រូវ​តាម​ស្តង់ដារ​ ​លក្ខណៈ​បច្ចេកទេស​​ផងដែរ​ ៕