វណ្ណ មូលីវណ្ណ បិតាស្ថាបត្យកម្មខ្មែរនិងជាស្ថាបនិកនៃអាជ្ញាធរជាតិអប្សរាបានទទួលមរណភាពក្នុងជន្មាយុ៩១ឆ្នាំ

0

ភ្នំំពេញ៖ លោកតា វណ្ណ មូលីវណ្ណ ដែលគ្រប់គ្នាសុទ្ធតែបានដឹងថាជាបិតានៃស្ថាបត្យកម្មខ្មែរ បានទទួលមរណភាពក្នុងជន្មាយុ៩១ឆ្នាំ ក្នុងគេហដ្ឋានរបស់លោកផ្ទាល់ ស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នា

វេលាម៉ោង៩.៤៥នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។

ដើម្បីបង្ហាញនូវកតញ្ញុតាធម៌និងគោរពចំពោះលោកតា ដែលបានលះបង់គ្រប់យ៉ាងដើម្បីជាតិខ្មែរ យើងសូមបង្ហាញនូវប្រវត្តិរបស់លោកតាខ្លះៗ។

យោងតាមឯកសារ លោកតា វណ្ណ មូលីវណ្ណ កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។ លោកបានទទួលសញ្ញាបត្រទុតិយភូមិពីវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៤៤ ហើយលោកបានទទួលអាហារូបករណ៍ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦។

ក្នុងអារម្ភកថារបស់សាស្ត្រាចារ្យ Ashley Thomson ដែលធ្លាប់ជាសហការីរបស់លោកតា វណ្ណ មូលីវណ្ណ ក្នុងសៀវភៅ បុរីខ្មែរក្នុងសម័យទំនើប បានបញ្ជាក់ថា នៅឆ្នាំ១៩៤៦ យុវជន វណ្ណ មូលីវណ្ណ បានទៅប្រទេសបារាំងដំបូងរៀនច្បាប់ បន្ទាប់មករៀនស្ថាបត្យកម្ម និងសិល្បៈខ្មែរ។

ពេលដែលលោកត្រឡប់មកប្រទេសវិញនៅឆ្នាំ១៩៥៦នោះ បានក្លាយបិតានៃស្ថាបត្យកម្មខ្មែរសម័យទំនើប ដោយបានចូលបម្រើការជារាជការ។ ឯកសារនេះក៏បានបង្ហាញអំពីទម្រង់ស្នាដៃរបស់លោកតាដែរ ដោយបានពិពណ៌នាថា សំណង់ទាំងនោះសុទ្ធសឹងមានលំនាំឬរចនាបថថ្មី ប៉ុន្តែឈរលើមូលដ្ឋានស្ថាបត្យកម្មខ្មែរ បត់បែនទៅតាមស្ថានភាពទីតាំង របៀបរស់នៅ៖ វិមានឯករាជ្យ មន្ទីរពេទ្យកុមារ សាលសន្និសីទចតុមុខ ពហុកីឡាដ្ឋានជាតិ សាលមហោស្រពព្រះសុរាម្រឹត អាគារគ្រូបង្រៀន (កំពង់កន្ទួត) វិមានរដ្ឋ (ចម្ការមន) ទីស្តីការគណៈរដ្ឋមន្ត្រី អាកាសយានដ្ឋានសៀមរាប មន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ ស្ថានទូតនៃព្រះរាជាណាចក្រខ្មែរនៅបរទេសខ្លះ…។

ក្នុងសម័យសង្គមរាស្រ្តនិយម លោកតាត្រូវបានចាត់តាំងឱ្យដើរតួនាទីសំខាន់ខាងវប្បធម៌របស់រដ្ឋាភិបាល។ ជំនាន់នោះហើយ ដែលលោកតាបានរៀបចំសាកលវិទ្យាល័យវិចិត្រសិល្បៈក្នុងឋានៈជាសាកលវិទ្យាធិការ បំពេញនាទីជារដ្ឋមន្ត្រីក្រសួងសិក្សាធិការជាតិ គ្រប់គ្រងយុវជន និងកីឡា។

ក្រោយភៀសខ្លួនទៅបរទេសជិត២០ឆ្នាំក្នុងសម័យសង្គ្រាម លោកតាបានត្រឡប់ចូលប្រទេសវិញក្នុងឆ្នាំ១៩៩៣ ដើម្បីរួមចំណែកកសាងប្រទេស។ នៅក្នុងអាណត្តិពីរតគ្នាលោកមាននាទីជាទេសរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌និងវិចិត្រសិល្បៈ រៀបចំដែនដីនគរោបនីយដ្ឋាននិងសំណង់។ ម្យ៉ាងទៀត លោកជាក៏ប្រធានអគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងជាអនុប្រធានប្រឹក្សាជាន់ខ្ពស់វប្បធម៌ជាតិ។ លោកក៏ត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ ព្រមទាំងជាឧត្តមទីប្រឹក្សានៃរាជរដ្ឋាភិបាល។

ចាប់ពីខែកក្កដា ឆ្នាំ២០១៤មក គឺនៅពេលដែលលោកតាមានវ័យកាន់តែទ្រុឌទ្រោម លោកតាបានចាកចេញពីរាជធានីភ្នំពេញមករស់នៅក្នុងខេត្តសៀមរាប ក្នុងគេហដ្ឋានបុរាណរបស់លោកប្របមាត់ស្ទឹងផ្នែកខាងលិច សម្រាប់ជីវិតចុងក្រោយ។ ដោយយល់ច្បាស់អំពីជីវិតមិនស្ថិតស្ថេរ លោកតាបានរៀបចំកសាងចេតិយសម្រាប់ខ្លួនលោកផ្ទាល់ និងក៏ជាស្នាដៃស្ថាបត្យកម្មដៃចុងក្រោយរបស់លោកដែរ។ ចេតិយនេះ យករចនាបថតាមប្រាសាទបាគង និងបានសាងសង់រួចរាល់នៅចុងខែកក្កដាឆ្នាំ២០១៦ នៅវត្តព្រះឥន្ទកោសីយ៍ខាងកើតស្ទឹងសៀមរាប៕