ខេត្តព្រះសីហនុ៖ នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នេះ ជនសង្ស័យ៣នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ មួយគ្រឿង សេរីឆ្នាំ២០១៦ពណ៍ខ្មៅ១គ្រឿង ស្លាកលេខព្រះសីហនុ 1F.1799 ជាមធ្យោបាយ បានធ្វេីសកម្មភាព ឆក់កាបូប នៅម្តុំផ្សារឧតុនិយម សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរង ទទួលការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ៖ ក្រោយពីទទួលបាន ព័ត៌មាននេះភ្លាម កំលាំងគ្រប់មុខព្រួញទាំងអស់ ពង្រាយដេញស្ទាក់គ្រប់ច្រកល្ហក ដើម្បីតាមមុខសញ្ញាកំពុងរត់គេច។
ជាលទ្ធផលមិនដល់រយៈពេល២០នាទីផង កម្លាំងនគរបាលព័ទ្ធស្ទាក់ចាប់បាន នៅចំណុចផ្លូវកាត់ពី អូរទី១ឡេីងទៅឃ្លាំងលេី ស្ថិតក្នុងសង្កាត់លេខ៤ ដែលពួកជនល្មើសជិះម៉ូតូរត់វក់វីគេចខ្លួន ក្នុងក្រុងព្រះសីហនុ ហើយរត់មិនរួច បានបោះបង់ម៉ូតូចោល ហេីយរត់ប្រាសអាយូស រៀងៗ ខ្លួន តែត្រូវបាននគរបាល ចាប់បានទាំង៣នាក់ នៅវេលាម៉ោង១៧:៣០នាទីតែម្តង។
ជនរងគ្រោះត្រូវគេឆក់កាបូបនេះ ឈ្មោះ ខុន ពិសី ភេទស្រី អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូយ៉ាឌួលី មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ។
សំភារៈបាត់បង់មាន ៖ កាបូបពណ៍ខ្មៅ១ទូរស័ព្ទដៃម៉ាក i-Phone 6 plus ១គ្រឿង និង លុយ ២.២០០រៀល។
មុខសញ្ញាសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ច ចាប់ខ្លួន មាន៖
១.ឈ្មោះង៉ាន ហាក់លី ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិ៣ សង្កាត់២ (អ្នកបើកបរម៉ូតូ ចារី )។
២.ឈ្មោះ និត ម៉ាណាក់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៥ សង្កាត់៣ ក្រុងព្រះសីហនុ ( អ្នកជិះកណ្តាលអ្នកឆក់)។
៣.ឈ្មោះ យ៉ុន សុវណ្ណយុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ (ជិះពីក្រោយ សហចារី)។
បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីវិធី៕