ខេត្តព្រះវិហារ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាថ្នាក់ខេត្ត បាន
នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ដោយជំនន់ទឹកភ្លៀងចំនួន១១១គ្រួសារ រស់នៅក្នុងស្រុកជាំក្សាន្ត ដោយពិធីនេះបានប្រារព្វធ្វើឡើង កាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៧ នៅវត្តមរតកតេជោបុរីស្វៈរៈ ឋិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រវិហារ អមដំណើរដោយឯកឧត្តម អស់លោក លោកស្រី ប្រធាន អនុប្រធានកិត្តិយសសាខាកាកបាទក្រហម ភូមិ.ឃុំ.ស្រុក រួមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួនក្នុងខេត្តផងដែរ ។
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើរ និងការសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ពីសុខទុក្ខព្រមទាំងការលំបាករបស់បងប្អូនជាប់ជានិច្ច ដោយមិនប្រកាន់ពូជសាសន៍ ព័ណ៌ សប្បុរ វណ្ណៈ សាសនា និន្នាការនយោបាយអ្វីឡើយ អោយតែទីណាជួបការលំបាក ទីនោះតែងតែមានកាកបាទក្រហមកម្ពុជាចុះជួយជាប្រចាំ ជាក់ស្តែងថ្ងៃនេះសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បាននាំយកអំណោយជាសម្ភារមកផ្តល់ជូនបងប្អូន ដោយក្នុងនោះក៍មានការចូលរួមចំណែកជួយឧបត្ថម្ភ ពីអាជ្ញាធរប្រឆាំងគ្រោះមហន្តរាយ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តព្រះវិហារផងដែរ ។
អភិបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា ក៍បានធ្វើការផ្តាំផ្ញើរ ទៅដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតាទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ជាពិសេសបញ្ហាក្នុងការរស់នៅ ត្រូវមានអនាម័យជាប់ជាប្រចាំ និងធ្វើការអប់រំដល់កូនចៅ ឲ្យនៅឆ្ងាយពីគ្រឿងញៀន ព្រោះថាគ្រឿងញៀនវាជាឱសត់មួយដែលធ្វើឲ្យមនុស្សក្លាយទៅជាឃាត់កសម្លាប់ទាំងខ្លួន និងបង្ករនូវភាពអសន្តិសុខសាធារណៈសង្គម ដូចជាដើរលួច ឆក់ ប្លន់ជាដើម ៕ អត្ថបទសួនលីណា




































