កំពង់ឆ្នាំង ៖ ដែលធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាច រឿងតូចធ្វើអោយទៅជារឿងធំ ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំង ដែលមានរឿងក្តីប្តឹងផ្តល់គ្នា នៅក្នុងសាលាដំបូង ខេត្តកំពង់ឆ្នាំងជាច្រើននាក់ បានចោទប្រកាន់ទៅលើឈ្មោះ ឆេង សុភី បុគ្គលិកជាប់កិច្ចសន្យា នៃអាយកាសាលាដំបូងខេត្តកំពង់ឆ្នាំង ។
ស្ត្រីជាប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់កំពង់ឆ្នាំង សុំមិនបញ្ចេញឈ្មោះ បានអះអាងថា ឆេង សុភី អតីតតៅកុងរថយន្ត លោក ពេញ វិបុល សព្វថ្ងៃជាបុគ្គលិកបណ្តែត នៅសាលាដំបូងនៃខេត្តមួយនេះ កំពុង ដើរជា តួនាទីធ្វើជាក្រឡាបញ្ជី និងមេធាវីផងដែរ ក្នុងតុលាការរត់ការរឿងក្តី ពីតូចទៅជារឿងធំ ញោះញុងខុសទៅជាត្រូវ ។ លោក ឆេង សុភី អតីតមន្ត្រីជាប់កិច្ចសន្យា នៅសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែដោយសារតែលុកលុយ រត់ការរឿងក្តីធ្វើឲរញេរញ៉ៃ ផ្អើលអស់ក្រឡាបញ្ជី និងចៅក្រមនៅក្នុងនោះ ទើបត្រូវដកចេញ លុះមួយរយះពេលក្រោយមក ដោយសារតែក្លាយខ្លួន ជាអ្នកបើកបរ រថយន្តឲ្យអតីតព្រះរាជអាជ្ញា ខេត្តកំពង់ឆ្នាំង លោក ពេញ វិបុល ទើបលោក ឆេង សុភី ក៏បានតួនាទីមន្ត្រីជាប់កិច្ចសន្យា នៃសាលាដំបូង ខេត្តកំពង់ឆ្នាំងបន្តរហូតមកដល់សព្វថ្ងៃ ។
លោក ឆេង សុភី ក៏ធ្លាប់បានប្រជាពលរដ្ឋ ប្តឹងពីបទឆបោក យកទៅប្លន់ប្រដាប់អាវុធ កាលពីអំឡុងឆ្នាំ២០០៨ ប៉ុន្តែរឿងនេះ ត្រូវបានព្រះរាជអាជ្ញា ពេញ វិបុល តំកល់ទុក មិនចាត់ការនោះទេ ពីព្រោះ លោក ឆេង សុភី ជាមនុស្សជំនិត ។ ប្រជាពលរដ្ឋខាងលើ បានសំណូមពរ និងសង្ឃឹមថា ព្រះរាជអាជ្ញា និងលោកចៅក្រម ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលត្រូវបានតែងតាំង កាលពីពេលថ្មីៗកន្លងទៅនេះ និងមានវិធានការទប់ស្កាត់ ជាក់ជាមិនខាន កុំឲ្យកេរិ៍្តឈ្មោះតុលាការ ខេត្តកំពង់ឆ្នាំង អន់ថយដោយមនុស្ស រណេបរនើប និងមេធាវីអត់ក្រិត ដូចជំនាន់ព្រះរាជអាជា្ញពេញវិបុល ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ អ្នកយកព័តមានយើង ពុំអាចទំនាក់ទំនង សុំការពន្យល់ណាមួយបាននៅឡើយទេ ពីលោក ឆេង សុភី នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤ ៕