ខេត្តតាកែវ ៖ រថយន្តដឹកទំនិញចាប់ហួយគេចពន្ធមួយគ្រឿង ត្រូវបានកំលាំងសមត្ថកិច្ច បង្ក្រាបបទល្មើស សេដ្ឋកិច្ចខេត្ត ដេញស្ទាក់ចាប់បាននៅត្រង់ចំណុច ភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។ លោក នាង សុភារ៉ា ប្រធានក្រុមសមត្ថកិច្ចបង្ក្រាបបទល្មើស សេដ្ឋកិច្ចខេត្ត បានឱ្យដឹងថា រថយន្តដែលដឹកទំនិញគេចពន្ធនេះ ម៉ាក សាន់យុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2Y-9275 ដោយម្ចាស់មានឈ្មោះ ស៊ុន ដាលីន ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ។
លោក នាង សុភារ៉ា បានឱ្យដឹងទៀតថា ដោយក្រុមសមត្ថកិច្ចមិនមានជំនាញ ក្នុងការត្រួតពិនិត្យទំនិញ ដែលពាក់ព័ន្ធ ក្នុងការបង់ពន្ធ ទើបក្រុមសមត្ថកិច្ចរបស់យើង ប្រគល់រថយន្ត និងទំនិញទាំងនេះ ទៅឱ្យសាខាគយ និងរដ្ឋាករខេត្តតាកែវ ដើម្បីត្រួតពិនិត្យបង់ពន្ធ និងការបង់ផាកពិន័យទៅតាមច្បាប់ ៕