សៀមរាប៖ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ 
(ICC-Angkor) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៨របស់ខ្លួន កាលពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៧ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ព្រមទាំងផ្តល់នូវអនុសាសន៍ជាច្រើនដល់គម្រោងនានា ដែលកំពុងអនុវត្តកិច្ចការរបស់ខ្លួននៅក្នុងរមណីយដ្ឋានអង្គរ។
ដើម្បីតាមដានខ្លឹមសារនៃអនុសាសន៍ និងដាក់ជូនក្រុមមន្ត្រីជំនាញយកទៅកែសម្រួលលើគម្រោងដែលបានអនុវត្តកន្លងមកឲ្យមានប្រសិទ្ធភាពខ្ពស់ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់។
ការតាមដានខ្លឹមសារអនុសាសន៍នៃគណៈកម្មាធិការICC-Angkor នេះ គឺដើម្បីប្រាកដថា មន្ត្រីជំនាញដែលទទួលបន្ទុកគម្រោងនីមួយៗបានយល់ច្បាស់ពីខ្លឹមសារនៃអនុសាសន៍ និងបានកែសម្រួលគម្រោងរបស់ខ្លួនទទួលបានប្រសិទ្ធភាពកម្រិតណា និងត្រៀមខ្លួនរាយការណ៍ជូនការវិវត្តនៃគម្រោងដល់គណៈកម្មាធិការនេះ នាកិច្ចប្រជុំពេញអង្គដែលនឹងចូលមកដល់នៅពាក់កណ្តាលខែធ្នូខាងមុខ។
នេះជាសកម្មភាពយកចិត្តទុកដាក់ជាប្រចាំលើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គររបស់អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសម្របសម្រួលជាមួយគណៈកម្មាធិការ ICC-Angkor ដើម្បីធ្វើឲ្យបេតិកភណ្ឌអង្គរអាចគង់វង្សជានិរន្តរ៍៕





































