កំពង់ចាម: ឧបករណ៍បទល្មើសនេសាទ ដែលបានធ្វើឡើងអំពីស្បៃមុងក្រឡាញឹក ត្រូវបានគេប្រើប្រាស់ក្នុងការចាប់យកកូនត្រីគ្រប់ប្រភេទ នៅចំណុចទំនប់រលំពោធិ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកពៃឈរ ខេត្តកំពង់ចាម ដោយសង្ស័យថាមានអ្នក រត់ការសុំសេចក្ដីសុខ។ប្រជាពលរដ្ឋដែលធ្វើការនេសាទដោយស្របច្បាប់ បានលើកឡើងថា សព្វថ្ងៃនេះពួកគាត់បានទៅបង់សំណាញ់ ដើម្បីយកត្រីមកស្លរសម្រាប់ហូបតែក្នុងគ្រួសារ សឹងតែមិនគ្រប់គ្រាន់ផង ដូចដែលឃើញស្រាប់ហើយ គឺឧបករណ៍បទល្មើសនេសាទពេញផ្ទៃបឹងតែម្ដង ដោយក្នុងឧបករណ៍និមួយៗមានរាប់សិបម៉ែត្រ ហើយមានដាយរាប់រយកន្លែង គេពុំឃើញមានសមត្ថកិច្ចជំនាញចុះបង្ក្រាបសោះ ព្រោះមានឈ្មោះទិត្យ ជាអ្នកដើរប្រមូលលុយពីអ្នកប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដើម្បីរត់ការសុំសេចក្ដីសុខ ក្នុងការនេសាទល្មើសច្បាប់។
អភិបាលស្រុកពៃឈរ លោក ឡោ ចាន់លី បានបញ្ជាក់ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៩ តុលានេះថា ចំពោះការប្រើប្រាស់នូវឧបករណ៍ខុសច្បាប់នេសាទនេះ គឺលោកគ្មានសិទ្ធិចាប់ចងទេ ព្រោះលោកមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ទោះជាយ៉ាងណា លោកបានស្នើរសុំទៅខាងស្ថាប័នជំនាញ ដើម្បីឲ្យចុះត្រួតពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់។
ចំណែកនាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម លោកអ៊ុក ណារិន បានបញ្ជាក់ប្រាប់តាមទូរស័ព្ទដែរថា ការប្រើប្រាស់ឧបករណ៍នេសាទស្បៃមុងក្រឡាញឹកនេះ គឺវាខុសច្បាប់ធ្ងន់ធ្ងរណាស់ តែត្រង់ចំណុចដែលមានការប្រើប្រាស់ឧបករណ៍ខុសច្បាប់យ៉ាងសន្ធឹកនេះ គឺលោកមិនបានដឹងទេ ដូច្នេះសូមឲ្យអ្នកសារព័ត៌មានជួយសហករណ៍ផ្តល់ព័ត៌មានផង ដើម្បីលោកបានរៀបចំកម្លាំងជំនាញចុះធ្វើការបង្ក្រាប ដោយមិនអនុញ្ញាតឲ្យមានការប្រើប្រាស់នូវឧបករណ៍ខុសច្បាប់នេសាទឡើយ ៕