លោក​អ៊ុក​ ណារិន​ បាន​ដឹកនាំ​មន្ត្រី​ជលផល​ ចុះ​បង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់​ បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​ពី​

0

កំពង់ចាម​​:​ បន្ទាប់​ពី​ទទួល​បាន​សេចក្ដី​រាយការណ៍​ ពី​អ្នក​យក​ព័ត៌មានKhemaradaily ដែល​បាន​បង្ហាញ​ពី​ទីតាំង​ និង​ឧបករណ៍​បទល្មើស​នេសាទ​ជា​ច្រើន​ ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​ការ​ចាប់​យក​កូន​ត្រី​គ្រប់​ប្រភេទ​ នៅ​ចំណុច​ទំនប់​រលំ​ពោធិ​ ស្ថិតក្នុង​ភូមិ​កំពង់​សំណាញ់​ ឃុំ​មៀន​ ស្រុក​ពៃឈរ​ ខេត្ត​កំពង់ចាម​ រួចមក​លោក​ អ៊ុក​ ណារិន​ នាយខ័ណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ចាម​ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​បង្ក្រាប​ភ្លាមៗ​តែ​ម្ដង​ កាល​ពី​រសៀល​ថ្ងៃ​ទី​៩​ ខែ​តុលា​ ឆ្នាំ​២០១៧នេះ​ ដោយ​បាន​ធ្វើ​ការ​រឹបអូស​ និង​កាប់​បំផ្លាញ​ចោល​នូវ​ឧបករណ៍​បទល្មើស​នេសាទ​មួយ​ចំនួន​​ ព្រមទាំង​រំដោះ​កូនត្រី​ចម្រុះ​ចាក់​ព្រលែង​ចូល​បឹង​ធម្មជាតិ​វិញ​ផង​ដែរ​។
ដោយ​កន្លង​មក​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ការ​នេសាទ​ដោយ​ស្របច្បាប់​ បាន​លើក​ឡើង​ថា​ សព្វថ្ងៃ​នេះ​ពួក​គាត់​បាន​ទៅ​បង់​សំណាញ់​ ដើម្បី​យក​ត្រី​មក​ស្លរ​សម្រាប់​ហូប​តែ​ក្នុង​គ្រួសារ​ សឹងតែ​មិន​គ្រប់គ្រាន់​ផង​ ដោយ​ឧបករណ៍​បទល្មើស​នេសាទ​ពេញផ្ទៃ​បឹង​តែ​ម្ដង​ ហើយ​​ក្នុង​ឧបករណ៍​និមួយៗ​មាន​រាប់សិប​ម៉ែត្រ​ និង​មាន​ដាយរាប់រយ​កន្លែង​ទៀត​ផង​។
ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​​ខាង​លើ​នេះ​តាម​រយៈ​អ្នក​យក​ព័ត៌មាន​យើង​ ប្រចាំ​នៅ​ខេត្ត​កំពង់ចាម​រួចមក​ នាយខ័ណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ចាម​ លោក​អ៊ុក​ ណារិន​ បាន​ដឹកនាំ​​កម្លាំង​ជំនាញ​ និង​សហគមន៍នេសាទ​ ចុះបង្ក្រាបបទល្មើស​នេសាទ​ នៅ​ចំណុច​ទំនប់​រលំ​ពោធិ​ ដោយ​បាន​ធ្វើ​ការ​រឹបអូស​ និង​កាប់​បំផ្លាញ​ចោល​នូវ​ឧបករណ៍​ល្មើស​ច្បាប់​រួមមាន​ លូស្បៃមុងចំនួន០៩មាត់ របាំងលូស្បៃមុងប្រវែង២២៥ម៉ែត្រ​ បង្គោលចម្រឹងចំនួន១៣៤ដើម និងចាក់ព្រលែងកូនត្រីចម្រុះទម្ងន់១៨គីឡូក្រាម​ចូល​ក្នុង​បឹង​ធម្មជាតិ​វិញ​ បន្ទាប់មកកម្លាំងបានបន្តចុះរុះរើរបាំងរ៉ាវ​ចំនួន​០២កន្លែងស្មើនឹង២៨ម៉ែត្រ បង្គោលចម្រឹងចំនួន៤០ដើម លបចំនួន០៥គ្រឿង និងចាក់ព្រលែងត្រីចម្រុះទម្ងន់០៣គីឡូក្រាម​ចូល​ក្នុង​បឹង​ធម្មជាតិ​វិញ​ផង​ដែរ​ ៕