រដ្ឋមន្ដ្រីដឹកជញ្ជូនម៉ាឡេស៊ី លោកហ៊ីសាមមូឌីន ហ៊ូសេន អះអាងជាថ្មី កាលពីថ្ងៃទី១៤ មិថុនា ក្នុងសេចក្ដីប្រកាសមួយថា ប្រទេសរបស់លោកសន្យាបន្ដការខិតខំប្រឹងប្រែងដើម្បីតាមរកយន្ដហោះ បាត់ដានជើងហោះហើយMH370 ខណៈដែលការរុករកឈានចូលដល់ដំណាក់កាលមួយដែលមានការប្រឈមកាន់តែ ធំៗ ។ រដ្ឋមន្ដ្រីរូបនេះគូសបញ្ជាក់ថា ខ្ញុំជឿជាក់ថា ម៉ាឡេស៊ី នឹងត្រូវគេទទួលស្គាល់ដោយសារតែខ្លួនធ្វើនូវអ្វីៗតាមដែលអាច ធ្វើទៅបានក្នុងលក្ខខណ្ឌដែលស្ទើរមិនអាចទៅរួចទៀត និងថាប្រវត្ដិសាស្ដ្រនឹងធ្វើការវិនិច្ឆ័យដោយអនុគ្រោះបំផុតចំពោះ រឿងនោះ ។
លោកហ៊ីសាមមូឌីន ឆ្លៀតឱកាសនោះថ្លែងអំណរគុណដល់បណ្ដាមិត្ដរបស់ម៉ាឡេស៊ីដែលខិតខំ តាមជួយរកយន្ដហោះនោះក្នុងកម្រិតអន្ដរជាតិ ហើយរីករាយដែលប្រទេសរបស់លោកពុំឯកោក្នុងដំណើរការតាមរុករកនោះ ។លោកសម្ដែងសមានចិត្ដចំពោះគ្រួសារបណ្ដាអ្នកដំណើររងគ្រោះ ហើយអះអាងថាម៉ាឡេស៊ីនឹងបន្ដធ្វើអ្វីគ្រប់យ៉ាងដែលអាចទៅរួចក្នុង ប្រតិបត្ដិការតាមរុករក ៕