បើកវគ្គផ្សព្វផ្សាយ លិខិតបទដ្ឋានពាក់ព័ន្ធ វិស័យដីធ្លី ដល់មន្ត្រីអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ

0

ខេត្តកំពត  នៅសាលប្រជុំសាលាខេត្តកំពត កាលពីព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ ២០១៧ មានបើវគ្គផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៃគោលនយោបាយដីធ្លី និងលិខិតបទដ្ឋានមួយចំនួនពាក់ព័ន្ធ និងវិស័យដីធ្លី ដល់អាជ្ញាធរដែនដី ខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្ត។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ មានរយៈពេលពីរថ្ងៃ។
លោកលី សាវ៉េតអភិបាលរងខេត្ត បានចាត់ទុកវគ្គផ្សព្វផ្សាយនេះពិតជាមានសារៈប្រយោជន៍ និងស្របតាមតម្រូវ ការរបស់ខេត្ត ក្នុងការលើកកម្ពស់សមត្ថភាព និងលទ្ធភាពនៃការចូលរួមរបស់អ្នកពាក់ព័ន្ធ ដោយឈរលើទស្សនៈឯកភាពគ្នា។ លោកអភិបាលរងខេត្តក៏បានបន្តទៀតថា៖បញ្ហាដីធ្លីជាបញ្ហានៅមូលដ្ឋាន ដែលទាក់ទងផ្ទាល់ទៅនឹងសណ្ដាប់ធ្នាប់របៀបរៀបរយនិងជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍន៍របស់មូលដ្ឋានប្រកបដោយនិរន្តរភាពនិងតម្លាភាព។ ហើយបញ្ហាបាតុភាពអវិជ្ជមានជុំវិញបញ្ហាដីធ្លីវាមិនមែនជះឥទ្ធិពលតែក្នុងមូលដ្ឋានផ្ទាល់នោះទេ តែវាបានជះឥទ្ធិពលដល់សង្គមទាំងមូល។ ក្នុងន័យនេះមូលដ្ឋាននីមួយៗត្រូវសកម្មភាពចូលរួមក្នុងការអនុវត្តគោលនយោបាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលមានក្នុងវិស័យដីធ្លី ដើម្បីជំរុញល្បឿននៃការងារកែទម្រង់ដីធ្លីរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងភាពសក្តិសិទ្ធ។ ឯ.ឧ សេង ថានីអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកបញ្ជាក់អោយដឹងដែរថា៖ ផ្ដើមចេញពីសារៈសំខាន់នៃវិស័យដីធ្លី ដែលជាផ្នែកមួយសំខាន់ក្នុងការជម្រុញល្បឿននៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងចរិតការងារដីធ្លី ដែលមានលក្ខណៈអន្តរវិស័យ ពាក់ព័ន្ធ
ជាមួយគ្រប់ក្រសួង ស្ថាប័ជំនាញ អាជ្ញាធរដែនដី មជ្ឃដ្ឋាននានានៅក្នុងសង្គម ពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ។ ដូច្នេះការផ្សព្វផ្សាយនូវខ្លឹមសារ ច្បាប់ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យដីធ្លីនាពេលនេះគឺ ជាកិច្ចការសំខាន់មួយដែលតម្រូវអោយមានការយល់ដឹង ពីសំណាក់មន្ត្រីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីអោយមានការយល់ដឹងខ្ពស់អំពីខ្លឹមសារ សំខាន់ៗ នៃគោលនយោបាយដីធ្លី ឬ”សៀវភៅ ស ដីធ្លី”របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯ.ឧ សេង ថានីក៏បានសំដែងការសង្ឃឹមថា ក្រោយពីបានបញ្ចប់វគ្គនេះទៅមន្ត្រីពាក់ព័ន្ធទាំងអស់ យកការចេះដឹងនេះទៅផ្សព្វផ្សាយបន្តដល់សហការីនៅក្នុងកន្លែងធ្វើការរបស់ខ្លួន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីរួមគ្នាអនុវត្តអោយបានត្រឹមត្រូវតាមគោលការណ៍ គោលនយោបាយ និងច្បាប់ជាធរមានពាក់ព័ន្ធនឹងវិស័យដីធ្លី អោយមានប្រសិទ្ធភាព សំដៅរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិនិងកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាពលរដ្ឋ។