​សូមទស្សនា VDEO កងទ័ព​អ៊ីរ៉ាក់ អ៊ីរ៉ង់​និង​អាមេរិក ត្រៀ​វ​វាយប្រហារ​ក្រុម​ជី​ហាត

0

​កងទ័ព​អ៊ីរ៉ាក់​អ៊ីរ៉ង​និង​អាមេរិក បាន​ត្រៀម​វាយបក​ទៅ​ក្រុម​ឧទ្ទាម​អ៊ីស្លាម នៅ​ភាគ​ខាងជើង​ប្រទេស​។ កងទ័ព​អ៊ីរ៉ាក់​ដណ្តើម​ក្រុង​ចំនួន​៣ នៅ​ជិត​ក្រុង​បា​កដាត មកកាន់​កាប់​វិញ​។ រដ្ឋាភិបាល​អ៊ីរ៉ង់​បានប្រកាសថា ត្រៀម​សហការ​ជាមួយ​អាមេរិក ដើម្បី​ប្រយុទ្ធ​នឹង​ក្រុម​ជី​ហាត​។ នៅ​ថ្ងៃ​សៅរ៍​នេះដែរ អង់គ្លេស​បានប្រកាស​ផ្តល់ជំនួយ​មនុស្សធម៌​ជាបន្ទាន់ ជា​ទឹកប្រាក់​៣​លាន​៧​សែន​អឺរ៉ូ សម្រាប់​ប្រជាជន​អ៊ីរ៉ាក់​ដែល​ភៀសខ្លួន ពី​ការប្រយុទ្ធ នៅ​ភាគ​ខាងជើង​ប្រទេស​។​ ​កាលពី​ថ្ងៃ​សុក្រ ប្រធានាធិបតី​អាមេរិក​បានប្រកាស ពិនិត្យ​លើ​ជំរើស​គ្រប់បែបយ៉ាង​ដែល​អាមេរិក​អាចធ្វើ ដើម្បី​ជួយ​កងទ័ព​អ៊ីរ៉ាក់ ប្រឈម​នឹង​ក្រុម​ឧទ្ទាម​រដ្ឋ​អ៊ីស្លាម​អ៊ីរ៉ាក់​។

ក្រុម​ឧទ្ទាម​អ៊ីស្លាម​នេះ ចង់​បង្កើត​រដ្ឋ​អ៊ីស្លាម​មួយ នៅ​ព្រំដែន​ជាប់​ស៊ី​រី​។ ក្នុង​សប្តាហ៍​នេះ ក្រុម​ជី​ហាត​នេះ បាន​ដណ្តើម​កាន់កាប់​ដែនដី​មួយចំនួនធំ នៅ​ភាគ​ខាងជើង​អ៊ីរ៉ាក់ ក្នុងនោះ​មាន​ខេត្ត​នី​នី​វ និង​ក្រុង​សំខាន់​ម៉ូ​ស៊ូ​ល ដែល​នៅ​ស្ថិតក្នុង​ខេត្ត​នេះ ក្រុង​ទី​គ្រី​ត រួម​នឹង​តំបន់​ផ្សេងៗ​ទៀត​។​ ​ពេលនេះ ក្រុម​ជី​ហាត​កំពុង​បន្ត​ទិសដៅ​ដើម្បី​វាយយក​ក្រុង​បា​កដាត ពី​រដ្ឋាភិបាល​។ ដោយឡែក សាក្សី​ជាច្រើន​បាន​ប្រាប់ថា ក្រុម​ជី​ហាត​ត្រៀម​វាយលុក​ក្រុង​សា​ម៉ា​រ៉ា ជា​ក្រុង​អ្នក​កាន់​និកាយ​ស៊ុន​នី​ត​ផងដែរ​។

ក្រុង​នេះ​រង​នូវ​សង្គ្រាម​សហគមន៍ អស់​២​ឆ្នាំ​។ ប៉ូលិស​បាន​ប្រាប់ថា រកឃើញ​សាកសព​ប៉ូលិស​១២​នាក់ ឆេះ​ខ្លោច នៅ​តំបន់​អ៊ី​ស្ហា​ក់​គី ក្នុង​ខេត្ត​សេឡា​ហេ​ឌី​ន ជិត​ក្រុង​បា​ក់ដាត​។​ ​កាលពី​ថ្ងៃ​សុក្រ អា​យ៉ា​តូ​ឡា អា​លី ស៊ី​ស្តា​នី ជា​ប្រមុខ​សាសនា​និកាយ​ស៊ី​អ៊ី​ត​អ៊ីរ៉ាក់ ដ៏​មាន​ឥទ្ធិពល បាន​អំពាវនាវ​អោយ​ប្រជាជន អោយ​កាន់​អាវុធ​ចូល​ទប់ទល់​ជាមួយ​ក្រុម​ជី​ហាត​។ ខណៈ​រដ្ឋាភិបាល​ចេញ​ផែនការ​សន្តិសុខ​ការពារ​ក្រុង​បា​កដាត នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ម៉ា​ឡា​គី បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​បានផ្តល់​អំណាច​គ្មាន​ព្រំដែន​កំណត់ ដល់​រូបលោក ដើម្បី​កំចាត់​ក្រុម​ឧទ្ទាម​។​ ​ប្រឈម​នឹង​ក្រុម​ជី​ហាត អ៊ីរ៉ង់​ដែល​នៅ​ជិតខាង​ក្បែរ​នោះ បានប្រកាស​ត្រៀមខ្លួន​សហការ​ជាមួយ​អាមេរិក ករណី​អាមេរិក​បើក​ប្រតិបត្តិ​ការប្រយុទ្ធ​ក្រុម​ជី​ហាត​។

អ៊ីរ៉ង់​ប្រាប់ថា បានផ្តល់​ទីប្រឹក្សាយោធា​ច្រើន​រូប ជួយ​រដ្ឋាភិបាល​ស៊ី​រី ប្រយុទ្ធ​ក្រុម​ឧទ្ទាម ហើយ​បានទទួល​ជោគជ័យ​ច្រើនដង​ហើយ ហើយ​អ៊ីរ៉ង់​អាច​នឹងធ្វើ​ផែនការ​ប្រឆាំង​ក្រុម​ឧទ្ទាម​ជាថ្មីទៀត​។ ប៉ុន្តែ ពេលនេះ អ៊ីរ៉ង់​បដិសេធ​មិន​ធ្វើ​អន្តរាគមន៍​នៅ​អ៊ីរ៉ាក់​ទេ លើកលែងតែ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ស្នើសុំ​អ៊ីរ៉ង់ ហើយ​ការស្នើ​សុំអោយ​អ៊ីរ៉ង់​ជួយ​នេះ​គឺ​ត្រូវ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ អន្តរជាតិ និង​បំណង​របស់​ប្រជាជន​អ៊ីរ៉ាក់​។​ ​ប្រធានាធិបតី​អាមេរិក​វិញ​បាន​រំលឹក​អ៊ីរ៉ាក់​ថា មិនត្រូវ​រង់ចាំ​សកម្មភាព​ណាមួយ​ពី​អាមេរិក​ទេ ហើយ​អន្តរាគមន៍​យោធា​ណាក៏ដោយ ក៏​ជួប​បរាជ័យ​ដែរ ប្រសិនបើ​គ្មាន​ការប្រឹងប្រែង​ផ្នែក​នយោបាយ​។ លោក​អូ​បា​ម៉ា​បាន​បន្ទោស​រដ្ឋាភិបាល​លោក​ម៉ា​ឡា​គី​ថា​មិន​ព្រម​ជួយ​អោយ​សហគមន៍ និកាយ​ស៊ុន​នី​ត​បាន​ចូលរួម​ប្រឡូក​ឆាកនយោបាយ​ទូលំទូលាយ ដូច​ក្រុម​អ្នក​កាន់​និកាយ​ស៊ី​អ៊ី​ត​៕images (1)