ខេត្តព្រះស៊ីហនុ លោកឧត្តមម សេនីយ៍ត្រីកុល ផាលី ស្នងការរងទទួលផែនកណ្តាល នគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៨ ព្រឹក ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាអោយកម្លាំងនគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ យ៉ុន សុធី អាយុ៣៥ឆ្នាំ មុខរបរជាអនុប្រធានអង្គការ២ធ្នូ មានលំនៅឋាន នៅភូមិព្រែកចង្ក្រានក្រោម ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
ពីបទឆបោកប្រាក់ពីប្រជាពលរដ្ឋចំនួន១៧៤គ្រួសារ ក្រោមល្បិចថារត់ការដោះដូរអោយដីដល់ប្រជាពលរដ្ឋទាំងនោះ។
នេះបើយោងតាមពាក្យបណ្តឹងតំណាងពលរដ្ឋរងគ្រោះដែលបានដាក់ប្តឹងមកសាលាខេត្តព្រះសីហនុដើម្បីសុំជួយរកយុត្តិធម៌។
តាមការបំភ្លឺ ពីប្រជាពលរដ្ឋ៣នាក់ តំណាងឲ្យ១៧៤គ្រួសារ៖ ១.ឈ្មោះអ៊ឹង គួន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។
២.ឈ្មោះ ស៊ឹម ស៊ីរ៉ាន់ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅក្រុមទី៣ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។
៣.ឈ្មោះ ង៉ោត ជៀន ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់។
បានអោយដឹងថា៖ ចាប់តាំងពីអំឡុងឆ្នាំ២០១៦ ឈ្មោះយ៉ុន សុធី និង ឪពុកឈ្មោះយ៉ុន សាវ៉ាត ដែលអះអាងថា ជាប្រធាន និង អនុប្រធានអង្គការសហគមន៍២ធ្នូ បានមកបញ្ចុះបញ្ចូលដល់ប្រជាពលរដ្ឋចំនួន១៧៤គ្រួសារ អោយប្រមូលលុយអោយពួកគាត់ ដេីម្បីយកទៅដោះស្រាយ ផ្តល់ដីអោយប្រជាពលរដ្ឋទាំងនោះ មួយគ្រួសារមួយឡូត៍ នៅតំបន់ព្រែកត្រាច និងអន្លង់ត្រី ភូមិពូធឿងឃុំបិតត្រាំង ស្រុកព្រៃនប់។
ដេីមបណ្តឹងបន្តថា៖ ក្រោយពេលប្រមូលលុយបានខ្លះៗ ហើយ ជនឆបោកបានយកឯកសារថ្នាក់លើ មកបង្ហាញថា ដីនោះជិតបានផ្តល់អោយហើយ តែនៅខ្វះលុយរត់ការបន្ថែមទៀត ហើយប្រជាពលរដ្ឋ ក៏បានប្រមូលលុយអោយថែមទៀត ពួកគេបានសន្យាថា ដីនឹងប្រគល់អោយប្រជាពលរដ្ឋ នៅខែមករា ឆ្នាំ២០១៧។
តែរហូតមកដល់បច្ចុប្បន្ននេះ ដីក៏អត់បាន លុយក៏អស់ ពេលនោះប្រជាពលរដ្ឋសម្រេចចិត្តដាក់បណ្តឹង ទៅឯកឧត្តមអភិបាលខេត្ត អោយជួយរកយុត្តិធម៌។
លុយទាំងអស់ សរុបជិត៥០០០០ដុល្លារ ប្រាំម៉ឺនដុល្លាអាមេរិក។
ចំពោះលោក យ៉ុន សុធី នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កំពុង ធ្វើការសាកសួរ តាមនិតិវិធី ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត។
ដោយឡែក លោក យ៉ុន សាវ៉ាត ត្រូវជាប្រធានអង្គការនេះនិងត្រូវជាឳពុកលោក យ៉ុន សុធី សមត្ថកិច្ចមិនទាន់បង្ហើបយ៉ាងណានៅឡើយទេ។
សូមបញ្ជាក់ថា អង្គារពីរធ្នូនេះត្រូវបានគេដឹងថាបានមកធ្វើសកម្មភាពរបស់ខ្លួននៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុតែមិនដឹងថាមានបេសកកម្មផ្តោតសំខាន់ទៅលើអ្វីអោយច្បាស់លាស់នៅឡើយ។តែកន្លងមកត្រូវគេកត់សំគាល់ឃើញថាមានជាប់ពាក់ពន្ធ័ជាមួយពលរដ្ឋដែលមានទំនាស់ដីធ្លីជាពិសេសរឿងទំនាស់ដីធ្លីនៅតំបន់ភូមិពូធឿងឃុំបិតត្រាំងនេះឯង។ហើយអង្គការមួយនេះគេតែចំណាំឃើញមានភាពជិតស្និទគួរអោយកត់សំគាល់ខ្លះដែរជាមួយមន្ត្រីខ្លះនៅសាលាខេត្តព្រះសីហនុ។
តើទីបំផុតវាសនា ឳពុកនិងកូនដែលជាប្រធាននិងអនុប្រធានអង្គការសហគមន៍២ធ្នូ ប្រចាំនៅខេត្តព្រះសីហនុនឹងទៅជាយ៉ាងណា?