យ៉ាងហោចណាសក៏មាន មនុស្សចំនួន៣០នាក់ បានស្លាប់ និងជាងដប់នាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក បង្កឡើងដោយក្រុមសកម្មជន ISIL ដែលផ្តាច់ខ្លួនចេញពីក្រុម អាល់កៃដា ក្នុងទីផ្សារមួយក្នុងខេត្ត Deir al-Zouក្នុងប្រទេស ស៊ីរីភាគខាងកើត។ ហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ មានគោលដៅវាយប្រហារទៅលើទីផ្សារមួយ ក្នុងទីក្រុង Mayadeen ក្នុងខេត្តDeir al-Zourដែលកាន់កាប់ដោយក្រុមបះបោរ។ បច្ចុប្បន្នទីក្រុងនេះ រងការវាយប្រហារគ្នាពីសំណាក់ក្រុមបះបោរពីរក្រុម គឺ ក្រុម ISIL និងចលនាNusra ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា។
សេចក្តីរាយការណ៍ទាក់ទិននឹង ហេតុការណ៍នេះ នៅតែមិនទាន់មានលក្ខណៈច្បាស់លាស់នៅឡើយ ដោយប្រភពព័ត៌មានខ្លះបានបង្ហាញថា ការបំផ្ទុះគ្រាប់បែកនេះ មានបំណងចង់បំផ្លាញ ផ្សារដែលជាកន្លែងជួញអាវុធ ដោយឡែកប្រភពដទៃទៀតបានបង្ហាញថា វាគ្រាន់តែជាផ្សារសម្រាប់លក់សត្វចៀមតែប៉ុណ្ណោះ។
សូមជំរាបថា ក្រុមបះបោរទាំងពីរ វាយប្រហារគ្នាទៅវិញទៅមក ភាគច្រើននៅក្នុងបណ្តាខេត្តដែលសម្បូររោងចក្រប្រេង។ ទីក្រុង Mayadeen ជាទីក្រុងនៅជាប់បន្ទាត់ ព្រំដែនប្រទេស អ៊ីរ៉ាក់ ហេតុនេះក្រុមបះបោរ ISIL ព្យាយាមវាយប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងគោលបំណងបំពេញ តាមក្តីស្រមៃរបស់ខ្លួន គឺការបង្កើតរដ្ឋអ៊ីស្លាម ដែលមានការបូកបញ្ជូលគ្នា រវាងទឹកដីប្រទេស អ៊ីរ៉ាក់ និងប្រទេស ស៊ីរីភាគខាងកើត៕