២នាក់បងប្អូន ស្លាប់ក្នុងថ្ងៃតែមួយ បន្ទាប់ពីចុះទៅក្នុងរណ្តៅរ៉ែមាស ដាច់ទឹកអន្សាធ្លាក់ចំក្បាល

0

ខេត្តរតនគិរី៖ លោក ហាក់ ហ័ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះត្រួតពិនិត្យធ្វើកុសលវិច្ច័យលើសាកសពយុវជន២នាក់ បន្ទាប់ពីយុវជនទាំង២នោះ បានបាត់បង់ជីវិត នៅក្នុងអណ្តូងរ៉ែមាស ក្រុមហ៊ុន«មាសស្គូហ្គោល» ដោយសារធុងយោងរ៉ែដាច់ធ្លាក់ពីលើមកក្រោម។

យុវជន២នាក់ បានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ នៅក្នុងក្រុមហ៊ុនធ្វើរ៉ែមាស «មាសស្គូហ្គោ» ត្រង់ចំណុចអណ្តូងរ៉ែមាស។

បើតាមការឲ្យដឹងពីកម្មករធ្វើការជាមួយគ្នាថា យុវជនទាំង២នាក់ បានរងគ្រោះដោយសារដាច់ធុងយោងអាចម៌ដីធ្លាក់មកពីលើ បន្ទាប់ពីធុងយោងនោះ បានដាក់ស៊ីម៉ងចុះទៅបាតរណ្តៅហើយពេលយោងធុងនោះឡើងមកវិញ បានកម្ពស់ប្រមាណជាង២០ម៉ែត្រ ក៏ដាច់ទឹកអន្សាធ្លាក់មកវិញ ត្រូវយុវជនទាំង២ដែលនៅខាងក្រោមបណ្តាលឲ្យបាក់ចង្កេះ បាក់ថ្កាមទាំង២នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ប្រភពបានបន្តថា ជនរងគ្រោះទាំង២នាក់ បងប្អូន ទី១. ឈ្មោះ ឆក សារុំ ភេទប្រុស អាយុ២២ឆ្នាំ ទី២. ឈ្មោះ ឆក សារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងពីរនាក់ជាបងប្អូនបង្កើត មានទីលំនៅភូមិកប្បា ឃុំមេម៉ង ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ទើបតែមកធ្វើការក្នុងក្រុមហ៊ុននេះ បានជាងមួយសប្តាហ៍តែប៉ុណ្ណោះ ហើយប្រាក់កម្រៃម្នាក់ៗ ទទួលបាន៣ម៉ឺនរៀលក្នុង១ថ្ងៃ។

បន្ទាប់ពីកើតហេតុ ខាងក្រុមហ៊ុនបានរាយការណ៍មកសមត្ថកិច្ចនគរបាលខេត្ត ហើយដឹកសាកសពជនរងគ្រោះទាំង២មកវត្តភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ដើម្បីប្រគល់ជូនព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ដឹកនាំកម្លាំងជំនាញចុះធ្វើកុសលវិច្ច័យ។

បើយោងតាមការឲ្យដឹងពីនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការនគរបាលខេត្តថា ជនរងគ្រោះទាំង២ពិតជាគ្រោះថ្នាក់ដោយសារឧប្បវហេតុខាងលើពិតប្រាកដមែន។ បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួច លោកព្រះរាជអាជ្ញារង បានបញ្ចាឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ឫក្រុមហ៊ុន ដើម្បីចាត់ចែងបន្ត។

បើតាមការឲ្យដឹងពីតំណាងក្រុមហ៊ុនរ៉ែមាស «មាសស្គូហ្គោ» របស់ក្រុមហ៊ុនឥណ្ឌានោះថា សាកសពទាំង២ ត្រូវបានក្រុមហ៊ុនទទួលខុសត្រូវទាំងស្រុង ទាំងជួលឡានពេទ្យដឹកសាកសព និងធ្វើបុណ្យនៅខេត្តត្បូងឃ្មុំ។ លោកបានបន្តថា ចំណែកការសងសំណងទៅលើសាកសពទាំងពីរ លោកមិនទាន់ដឹងថា ខាងក្រុមហ៊ុនសងប៉ុន្មាននោះទេ ក៏ប៉ុន្តែលោកដឹងថា ខាងបេឡាជាតិសន្តិសុខសង្គមដែលហៅកាត់ថា ប ស ស និងធានាចិញ្ចឹមម្តាយជនរងគ្រោះអស់មួយជីវិត៕ យក្ខឡោម