ប្រជាពលរដ្ឋ និងអាជីករផ្សារគុត្តសត យល់ដឹងច្រើនពីគុណភាពទំនិញនិងចំណីអាហារ

0

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ អាជីករលក់ដូរក្នុងផ្សារគុត្តសត បានលើកឡើងថា បច្ចុប្បន្នពួកគាត់មានការយល់ដឹងច្រើនពីគុណភាពទំនិញនិងចំណីអាហារ ។

ការលើកឡើងដូចនេះ ក្នុងប្រតិបត្តិការចុះពិនិត្យគុណភាពទំនិញនិងចំណីអាហារ ពីសំណាក់មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅផ្សារគុត្តសត ស្ថិតនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកស្រី កែ ចាន់ថន ម្ចាស់ហាងលក់ភេសជ្ជៈយីហោ ចែ ចាន់ថន បានឲ្យដឹងទៀតថា ទាំងអាជីវករ និងប្រជាពលរដ្ឋ បច្ចុប្បន្ននេះ មានការយល់ដឹង និងប្រុងប្រយ័ត្នខ្លាំងណាស់ រាល់ពេលទិញទំនិញយកទៅលក់ ឬប្រើប្រាស់ ពោលគឺតែងតែត្រួតពិនិត្យលើកាលបរិច្ឆេទ និងសុពលភាពទំនិញជាប្រចាំ ។ ទៀតសោធ មុខទំនិញមួយចំនួន ប្រសិនបើជិតផុតកាលបរិច្ឆេទ ក្រុមហ៊ុននឹងប្តូរថ្មីឲ្យ ដូចនេះយើងគ្មានអ្វីខាតបង់នោះទេ ។

ជាមួយគ្នានេះលោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុកការិយាល័យប្រមូលចំណូល និងទីផ្សារ នៃសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺអនុវត្តន៍តាមការចង្អុលបង្ហាញរបស់លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីលោក​ មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយសហការជាមួយ កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត-ក្រសួង មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ដោយបានត្រួតពិនិត្យ លើទីផ្សារនៃផ្សារគុត្តសត និងផ្សារកូនដំរី ។ ហើយការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញ បានរកឃើញនិងដកហូតបានតែ ទឹកស៊ីអ៊ីវ ខ្លាញ់ និងទឹកជ្រលក់ ប៉ុន្មានដបប៉ុណ្ណោះ ៕ ដោយ៖ឃិនគន្អា