(កំពត)៖ ភ្នំអង្គរជ័យ ដែលមានទីតាំងស្ថិតក្នុងឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត បច្ចប្បន្នត្រូវបានគ្រឿងចក្រមកជីកកកាយ ហើយប្រើរថយន្តបែនជាច្រើនគ្រឿងដឹកជញ្ជូនអាចម៍ដីស្ទើរលាយភ្នំបាត់រូបរាងទៅហើយ ប៉ុន្តែសកម្មភាពខាងលើត្រូវបានជំនាញអះអាងថា ជីកភ្នំដាំដើមឈើវិញ បើស្តាប់ទៅដូចអស់សំណើចដែរ។
ចំពោះសកម្មភាពជីកកកាយភ្នំយ៉ាងអនាធិបតេយ្យស្ថិតចំណុចភ្នំអង្គរជ័យនេះត្រូវបានប្រភពច្បាស់ការណ៍បង្ហើបថា បានកើតឡើងជាច្រើនថ្ងៃមកហើយៗម្ចាស់គ្រឿងចក្រត្រូវគេស្គាល់ជាក្រុមហ៊ុនល្បីមួយនៅក្នុងស្រុកកំពង់ត្រាចតែម្តង។ចំពោះការផ្តួចផ្តើមជីកកកាយភ្នំអង្គរេជ័យបែបនេះគឺគេសំអាងលើអញ្ញាប័ណ្ណចល័ត ប៉ុន្តែច្បាប់អាជីវកម្មនោះវាបានផុតកំណត់ទៅហើយ ប៉ុន្តែខាងក្រុមហ៊ុនគ្រឿងចក្របានបង្វែថាជាការជីកកាយដីភ្នំសម្រាប់ដាំដើមឈើក្នុងគោលបំណងបំភ័នភ្នែកមហាជន ហើយកន្លងមកម្ចាស់គ្រឿងចក្រក៏ប្រាប់ថាបើចង់ជ្រាបសួរទៅការិយាល័យ រ៉ែ និងថាមពល ស្រុកពិតជាអស់ចម្ងល់មិនខាន។
ចំពោះប្រជាពលរដ្ឋដែលរស់នៅក្បែរជើងភ្នំអង្គរជ័យ បានលើកឡើងដូចគ្នាថា សម្បតិ្តធម្មជាតិដែលបន្សល់ពីដូនតា ពិសេសភ្នំអង្គរជ័យនេះកាលពីមុនមានសភាពខៀវស្រងាត់ ហុំព័ទ្ធដោយព្រៃប្រឹក្សា តែពេលនេះក្លាយជាទីតាំងជីកយកអាចម៍ដីយ៉ាងអនាធិបតេយ្យ ដោយថ្ងៃណាមួយនឹងរលាយបាត់រូបរាងមិនខានឡើយ។
មជ្ឈដ្ឋានទូទៅក៏បានលើកឡើងថា មិនដឹងជាដូចម្តេចទើបក្រុមហ៊ុនគ្រឿងចក្រហ៊ានមកធ្វើអាជីវកម្មទាំងគ្មានច្បាប់នៅនឹងដៃ ឬមួយមានការឃុបឃិតគ្នារវាង អាជ្ញាធរនិងស្ថាប័នជំនាញក្នុងស្រុកកំពង់ត្រាច ទេដឹងទើបម្ចាស់គ្រឿងចក្រមានអំនួតបែបនេះ។
ពាក់ព័ន្ធនឹងករណីគ្រឿងចក្រមកជីកកាយភ្នំអង្គរជ័យខាងលើ លោកពេជ្រ សុខា ប្រធានការិយាល័យរ៉ែ និងថាមពល ស្រុកកំពង់ត្រាច បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៦ខែតុលា ឆ្នាំ២០១៧នេះថា ភ្នំដែលគ្រឿងចក្រកំពុងជីកដីនោះ គឺមានច្បាប់អាជីវកម្មយ៉ាងត្រឹមត្រូវ ប៉ុន្តែផុតកាលបរិច្ឆេទ ចឹងហើយទើបខាងបរិស្ថានបង្វែការជីកកកាយដីភ្នំនេះ សម្រាប់យកទីតាំងខាងលើដាំកូនឈើវិញតែម្តង។
ទាក់ទងនឹងករណីដដែល លោកអ៊ុម សីុណាត អភិបាលស្រុកកំពង់ត្រាច លោកបានបញ្ជាក់តាមទូរស័ព្ទថា កិច្ចការទាំងអម្បាលម៉ានគឺលោកប្រគល់ទៅឲ្យខាងជំនាញចាត់ការអស់ហើយ ព្រោះមិនមែនជាកាតព្វកិច្ចរបស់លោកទេ ហើយបើចង់ដឹងឲ្យកាន់តែច្បាស់សួរទៅខាងរ៉ែនិងថាមពលចុះ។/