ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈកំពុងជិះម៉ូតូក៏មានម៉ូតូមួយគ្រឿងជិះមកទាក់ដៃចង្កូតបណ្ដាលអោយបោកក្បាលនិងថ្នល់ផុងលលាដ៍ក្បាលស្លាប់ភា្លមៗនៅនិងកន្លែង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៤ ត្រង់
ចំណុចមុខបុរីសែនមនោរម្យ តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរដឹម សងា្កត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ម៉ាប សៀង អាយុ៣០ឆ្នាំអាស័យដ្ឋាន ភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ មានស្រុកកំណើតនៅឃុំសេនារាជឧត្ដម ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-9765 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាកបានជិះមកពីក្រោយក្នុងទិសដៅស្របគ្នាក៏បានទាក់ដៃចង្កូតធ្វើអោយជនរងគ្រោះដួលម៉ូតូបោកនិងថ្នល់បែកក្បាលផុងលលាដ៍ស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកម៉ូតូបង្កមិនមែនគ្រោះថ្នាក់អ្វីនោះទេគឺបានបន្ថែមល្បឿនជិះគេចបាត់ស្រមោល។
បើតាមសម្ដីរបស់ប្អូនស្រីជនរងគ្រោះបានអោយដឹងថា បងប្រុសរបស់នាង (ជនរងគ្រោះ) បានជិះម៉ូតូចេញពីផ្ទះតាំងពីល្ងាចមិនបានប្រាប់ថាទៅណានោះទេ លុះនៅម៉ោងកើតស្រាប់តែមានគេទូរស័ព្ទប្រាប់ថាបងរបស់នាងជួបគ្រោះថ្នាក់ចរាចរស្លាប់បាត់ទៅហើយ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុនិងធ្វើកោសល្យវិច័យនិងប្រគល់សពអោយក្រុមគ្រួសារយកទៅស្រុកកំណើរដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំបងប្អូនជនរងគ្រោះមកទទួលយកទៅវិញ៕