ខេត្តព្រះសីហនុ៖ក្រុមដើរចាប់ទន្ទ្រានកាន់កាប់ដីអនាធិបតេយ្យនៅខេត្តព្រះសីហនុត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានចំនួន៤នាក់កំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ខណៈជាច្រើននាក់ទៀតកំពុងលាក់មុខ។
ប្រតិបត្តិការបង្ក្រាបក្រុមអនាធិបតេយ្យនេះធ្វើឡើងនៅថ្ងៃទី២៧តុលា២០១៧ ដឹកនាំដោយ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ ជាប្រធានក្រុមការងារនិងលោក នួន ប៉ុក ប្រធានមន្ទីររៀបចំដែនដី ជាអនុប្រធានក្រុមការងារនិងមន្ត្រីជំនាញ កងកំលាំងប្រដាប់អាវុធជាច្រើននាក់ផងដែរ។
ជាលទ្ធផលខ្ទមចាំដីរបស់ក្រុមប្រជាពលរដ្ឋទាំងនោះត្រូវបានគ្រឿងចក្រឈូសកំទេចចោលទាំងស្រុងនិងចាប់ឃាត់ខ្លួន
ពលរដ្ឋចំនួន៤នាក់យកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុព្រោះរារាំងអាជ្ញាធរមានសមត្ថកិច្ចគ្រាដែលអាជ្ញាធរចុះបំពេញការងារ។
លោក ស កក្តដា អភិបាលស្រុកព្រៃនប់បានអោយដឹងថាខ្ទមចាំដីដែលបានរុះរើមានចំនួន១០១ខ្នងនិងឃាត់ខ្លួនបួននាក់ក្នុងនោះម្នាក់ជាអ្នកមានលុយទៅទិញដីគេនៅចំណុចនោះដោយឡែកបីនាក់ទៀតជាក្រុមពលរដ្ឋអនាធិបតេយ្យដើចាប់ដីគេតាមមេខ្យល់។
បន្ទាប់ពីបានចាប់ឃាត់ខ្លួនសមត្ថកិច្ចមិនអាចទំនាក់ទំនងសុំបញ្ជាក់បាននៅឡើយ។
យោងតាមលិខិតបង្គាប់ការរបស់រដ្ឋបាលខេត្តព្រះសីហនុ លេខ០៣១/១៧លបក ចុះថ្ងៃទី២៦តុលា២០១៧បានបញ្ជាអោយចាត់វិធានការណ៍បន្ទាប់ពីមានពាក្យបណ្តឹងអន្តរាគមន៍របស់មេធាវីក្រុមហ៊ុន ហួរ លី ត្រេឌីងដែលជាម្ចាស់ដី។
ក្នុងលិខិតបង្គាប់ការរបស់រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាអោយ៖
-ក្រុមការងារចុះពិនិត្យការចូលរំលោភទន្ទ្រានកាន់កាប់ដីរបស់ក្រុមហ៊ុន ហួរលី ត្រេឌីង ស្ថិតនៅភូមិចំណោតរាមឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ។
-ចាត់វិធានការរុះរើរាល់សំណង់ដែលក្រុមអនាធិបតេយ្យដែលបានសង់ខ្ទមនៅលើដីរបស់ក្រុមហ៊ុន។
-អាចឃាត់ខ្លួនចំពោះបុគ្គលមេខ្លោងទាំងឡាយដែលញុះញង់អោយប្រជាជនមកចាប់ដី និងសាង់សង់ផ្ទះ ខ្ទម លើដីកម្មសិទ្ធរបស់ក្រុមហ៊ុន។
គួរកត់សំគាល់ថាក្រុមប្រជាពលរដ្ឋទាំងនេះត្រូវបានគេសង្គេតឃើញបាននាំគ្នាមកសង់ផ្ទះនិងរបងហ៊ំពទ្ធ័យកដីនៅទីតាំងដីរបស់ក្រុមហ៊ុនខាងលើនេះគ្រាដែលដីនេះបានទុកចោលមិនទាន់មានការអភិវឌ្ឍ៕