ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់បានបន្ទាប់ពីធ្វើសកម្មភាពលួចវិទ្យុទាក់ទង របស់សន្តិសុខម្នាក់ដែលទុកចោលមិនបានប្រយ័ត្ន ហើយត្រូវប្រជាពលរដ្ឋព្រួតវាយមួយដៃ មួយជើង ស្ទើរស្លាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរំលងអាធ្រាត្រ
ឈានចូលថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៤ ត្រង់ចំណុចខាងកើតក្បែរសារមន្ទីរជាតិ តាមបណ្ដោយ ផ្លូវលេខ១៧៨ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ជនសង្ស័យមានឈ្មោះ វឿន ជាតិ អាយុ២៤ឆ្នាំមានទីលំនៅមិនពិតប្រាកដ ។
បើតាមសម្ដីប្រជាពលរដ្ឋដែលឃាត់ខ្លួនជនសង្ស័យបានរៀបរាប់អោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យនេះបានធ្វើសកម្មភាពលួចវិទ្យុទាក់ទងរបស់សន្តិសុខម្នាក់ដែលដាក់ទុកចោលមិនប្រយ័ត្ន ប៉ុន្តែភ្លាមៗនោះសន្តិសុខក៏ប្រទះឃើញរួចក៏រត់ដេញរហូតមកដល់ចំណុចកើតហេតុក៏ត្រូវបាន ប្រជាពលរដ្ឋព័ទ្ធចាប់បាននិងព្រួតវាយម្នាក់មួយដៃមួយជើងស្ទើរស្លាប់ ហើយសន្តិសុខក៏បានយកវិទ្យុ ទាក់ទងរួចដើរត្រឡប់ទៅកន្លែងយាមវិញ។
ប្រភពបន្តថាជនសង្ស័យម្នាក់នេះគឺជាមុខសញ្ញាចាស់ ដែលធ្វើកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅពេលយប់ស្ងាត់ ក្នុងមូលដ្ឋានខណ្ឌដូនពេញប៉ុន្តែចាប់មិនដែលបាន លុះនៅយប់កើតហេតុនេះ ទើបប្រទះឃើញពេលដែលជនសង្ស័យធ្វើសកម្មភាព តែរត់មិនរួច។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ជ័យជំនះបានយកជនសង្ស័យទៅប៉ុស្ដិ៍ដើម្បីធ្វើ កំណត់ហេតុនិងចាត់ការទៅតាមនីតិវិធីច្បាប់៕