គ្រួសារឥស្សរជនពលីចំនួន៤៦គ្រួសារ ទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារក្នុងឱកាស់ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៤ទិវាឯករាជ្យជាតិ៩វិច្ឆិកា១៩៥៣.៩វិច្ឆិកា២០១៧!

0

ខេត្តព្រះវិហារៈ អភិបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា និងជាប្រធានកិត្តិសាខាកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់គ្រួសារឥស្សរជនពលីចំនួន៤៦គ្រួសារ ដែលពិធីនេះបានប្រព្រឹត្តទៅនៅវិមានឯករាជ្យ ខេត្តព្រះវិហារ ស្ថិតនៅភូមិសំរោង សង្កាត់កំពង់ ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ នាឱកាសរំលឹកខួបលើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០១៧ ) នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះក ។
ឯកឧត្តម អ៊ុន ចាន់ដា តំណាងឲ្យថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ បានប្តេជ្ញាចិត្តយ៉ាងម៉ុតមាំ នូវកិច្ចពង្រឹង សាមគ្គីភាពជាតិ ឯកភាពជាតិ អនុវត្តន៍តួនាទីយ៉ាងម៉ឺងម៉ាត ក្នុងការចូលរួមថែក្សាការពារឯករាជ្យជាតិ បូរណភាពទឹកដី ឲ្យស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តន៍ ដោយ មិនអនុញាតិអោយជនអគតិមួយចំនួន ធ្វើបដិវត្តព័ណ៌ដោយយកដៃបរទេសមកបំផ្លាញសុខសន្តិភាព ឯករាជ្យជាតិ បូរណភាពទឹកដីជាដាច់ខាត។
អភិបាលខេត្តបានលើកឡើងទៀតថា ខួបអនុស្សាវរីយ៍លើកទី៦៤ នៃពិធីបុណ្យឯករាជ្យជាតិ និងជាទិវាកំណើត នៃកងយោធិពលខេមរភូមិន្ទ ៩វិច្ឆិកា១៩៥៣. ៩វិច្ឆិកា២០១៧ គឺជាទិវាប្រវត្តិសាស្រ្តដែល កម្លាំងមហាសាមគ្គីជាតិទាំងមូលដណ្តើមបានទាំងស្រុងមកវិញ ពីអាណានិគមនិយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា និងឧត្តុង្គឧត្តមបំផុត នៃព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ្យបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ។
ជាមួយគ្នានោះផងដែរ ឯកឧត្តមអភិបាលខេត្តក៏បានអាន នូវប្រវត្តិសង្ខេបរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះមហាវីរក្សត្រ ព្រះវររាជ្យបិតា ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជាតិ ដែលព្រះអង្គបានលះបង់ ព្រះរាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀក្លាបំផុត ដើម្បីធ្វើការតស៊ូក្នុងក្របខ័ណ្ឌទាមទា ឯករាជ្យជាតិជូនជាតិមាតុភូមិ និងប្រជារាស្រ្តខ្មែរអោយរួចផុតពីអាណានិគមនិយមបារាំង រហូតទទួលបានឯករាជ្យពេញបរិបូរនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយព្រះអង្គបានដឹក នាំកសាងប្រទេស បន្សល់ទុកនូវស្នាព្រះហស្ថធំៗ ជាច្រើន រាប់មិនអស់នៅក្នុងសម័យ រជ្ជកាលដែលព្រះអង្គគ្រងរាជ្យ ៕សួនលីណា