ភ្នំពេញ ៖ បុរសម្នាក់បានដេកដួលនៅកណ្ដាលថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលជិះម៉ូតូ ធ្វើដំណើរតាមផ្លូវហើយបានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលអោយដួល បោក ផ្ទប់និងថ្នល់កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៤ នៅត្រង់ចំណុច ខាងជើង
មន្ទីរពេទ្យខ្មែរសូវៀត តាមបណ្ដោយផ្លូវលេខ២៧១ក្នុងផ្លូវលេខ១៨៣ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ប្រភពព័ត៌មានពីបុរសម្នាក់ជាអ្នករត់ម៉ូតូឌុបនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា គាត់ បានឃើញបុរសម្នាក់ដែលជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN-3391 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម មិនចាំស្លាកលេខ ជិះធ្វើដំណើរស្របហើយវ៉ាក៏បណ្ដាលអោយទាក់ដៃចង្កូតម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ធ្វើអោយដួលបោកផ្ទប់អ្នកជិះម៉ូតូបណ្ដាលអោយរងរបួសធ្ងន់ធ្ងរ ហើយភ្លាមៗ នោះម្ចាស់ម៉ូតូសង់កូរ៉េដែលជាអ្នកបង្កបានលើកម៉ូតូរបស់ខ្លួនជិះគេបាត់តែម្ដង។
បន្ទាប់ពីកើតហេតុបុរសដែលរងរបួសធ្ងន់ខាងលើត្រូវបានគេស្គាល់ថា គាត់ក៏ជាមន្ត្រីប៉ូលិស នៅខណ្ឌចំការមននេះដែរ ហើយក៏ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យខ្មែរសូវៀត មកដឹកយកទៅសង្គ្រោះភ្លាមៗ ហើយចំណែកម៉ូតូត្រូវបាននគរបាលប៉ុស្ដិ៍ទំនប់ទឹកយកទៅរក្សាទុក រង់ចាំបងប្អូនមកទទួលយកវិញ៕