កងទ័ពស៊ីរី កាលពីថ្ងៃទី១៥ មិថុនា វាយដណ្តើមយកបានទីក្រុង KASSAB មានជនជាតិអាមេនីភាគច្រើន ព្រមទាំងបុ៉ស្តិ៍ព្រំដែនយុទ្ធសាស្ត្រមួយជាមួយតួកគី ក្រោយជិត៣ខែ ដែលទីតាំងទាំងនោះធ្លាក់ក្នុងកណ្តាប់ដៃពួកឧទ្ទាមមក។ ក្នុងសេចក្តីប្រកាសមួយ កងទ័ពស៊ីរីគូសបញ្ជាក់ថា បណ្តាកងឯកភាពនៃកងទ័ពរបស់យើង រួមសហការជាមួយកងកម្លាំងជីវពលការពារជាតិ បានស្តារសន្តិសុខនៅទីក្រុង KASSAB វិញ នាព្រឹកថ្ងៃទី១៥ មិថុនា ។ ចំណែកទូរទស្សន៍រដ្ឋស៊ីរីបានផ្សាយរូបភាពទាំង ឡាយថតដោយអ្នកកាសែតខ្លួនម្នាក់នៅបុ៉ស្តិ៍ព្រំដែនជាមួយតួកគី ដែលទើបវាយដណ្តើមយកបានពីពួកឧទ្ទាមវិញ ។ ម្យ៉ាងទៀត ទូរទស្សន៍នេះបានចោទប្រកាន់ប្រទេសកាតា និងតួកគីថា ជួយទ្រទ្រង់ដល់ពួកឧទ្ទាម និងជួយផ្តល់ឱ្យពួកភេរវករនូវបណ្តារថយន្តសង្គ្រោះសម្រាប់ដឹកអ្នក របួស ។
អង្គការសិទ្ធិមនុស្សស៊ីរី OSDH ស្និទ្ធពួកឧទ្ទាមរាយការណ៍កាលពីយប់ថ្ងៃទី១៤ មិថុនាថា យុទ្ធជនភាគច្រើនរបស់ពួកឧទ្ទាមនៃក្រុមរណសិរ្សអាល់នូស្ត្រា និងក្រុមកងពលអ៊ិស្លាម បានដកថយចេញពីទីក្រុង KASSAB ។ នាថ្ងៃទី១៥ មិថុនា អង្គការក្រៅរដ្ឋាភិបាលនោះគូសបញ្ជាក់ថា កងទ័ពស៊ីរីបានលើកចូលក្នុងទីក្រុងនេះដែលត្រួតត្រាដោយពួកឧទ្ទាម ចាប់តាំងពីថ្ងៃទី២១ មីនាមក ក៏បុ៉ន្តែការប្រយុទ្ធគ្នានៅបន្តទៅទៀត ៕