កំពង់ធំៈ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យ និង សិក្សាស្វែងយល់ តួរប្រាសាទបុរាណ ដែលមានវ័យចំណាស់ ដែលត្រូវបានបុព្វបុរសខ្មែរយើង កសាងទុក នៅកណ្តាលព្រៃឡង់ ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ស្ថិតនៅក្នុងភូមិត្រយ៉ង ឃុំសុខចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ក្នុងដំណើរចុះពិនិត្យប្រាសាទបុរាណ ដែលបានលាក់ខ្លួននៅក្នុងព្រៃឡង់នេះ គេសង្កេតឃើញមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ និងដែលមានការពាក់ព័ន្ឋ ដើម្បីរកវិធានការរៀបចំអភិរក្សប្រាសាទ ក្នុងនោះមានឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្ត អ៊ុន ចិន្តា អភិបាលខេត្តព្រះវិហារ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក ឡង គឺសឹង អភិបាលស្រុកសណ្តាន់ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទសរុបជាង១០០នាក់ នៅព្រឹកថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៧។
ប្រាសាទបុរាណដែលមានវ័យចំណាស់ គឺមាន៣ប្រាសាទតំម្រៀបគ្នាទទឹងថ្ងៃ បែមុខមកទិសខាងកើត នៅក្បែរប្រាសាទចម្ងាយ១៥០ម៉ែត្រ មានត្រពាំងមួយធំ អ្នកភូមិហៅត្រពាំប្រើស ដែលមានចម្ងាយពីភ្នំជីប្រមាណ ៥គ.ម ដោយយោងតាមឯកសារមួយចំនួនបានបញ្ជាក់ថា ប្រាសាទនេះគឺត្រូវបានគេដាក់ឈ្មោះថា ប្រាសាទ ត្រពាំប្រើស សាងអំពីឥដ្ឋ គ្រិះសាងអំពីថ្មបាយក្រៀម បែរមុខទៅទិសឥសានបច្ចុប្បន្នត្រូវបានបាក់បែកស្ទើរតែទាំងស្រុង តួរប្រាសាទត្រូវបានបាក់ មួយចំហៀង នៅផ្នែកខាងក្រោមសសរពេជ្រមានរាងមូល ហោជាងមានរាងក្រចកសេះ មានកូនប្រាសាទ៣ក្នុងនោះ ប្រាសាទត្រពាំប្រើស ត្រូវបានសណ្ឋានថា កសាងក្នុងអំឡុងចុងស.វទី៨ និងអាចស្ថិតនៅក្នុងរចនាបទកំពង់ព្រះ ដែលជាប្រាសាទស្ថិនៅចុងសម័យចេនឡា ប្រាសាទនេះស្ថិតនៅចម្ងាយ៣៦គ.ម ពីខាងលិចសម្ពុបុរៈ ស្រុកសម្បូរ ខេត្តក្រចេះ ។
បន្ទាប់ពីបានចុះពិនិត្យតួរប្រាសាទ គឺបានធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយសារតែប្រាសាទនេះ នៅក្នុងព្រៃឆ្ងាយដាច់ស្រយ៉ាល តែមានយាយជី តាអាចារ្យ និងមានកុដ្ឋ រួមទាំងការរៀបចំកន្លែងជាទីស្ការៈបូជា មានព្រះ អង្គតូចធំ ដែលជាការបញ្ជាក់ឲ្យឃើញថា វិស័យព្រះពុទ្ធសាសនា មានការរីចំរើននៅគ្រប់ទិសទី សម្រាប់ឲ្យ បងប្អូនគោរពបូជាតាមទំនាមទំលាប់ប្រពៃណី លោក ញ៉ែម សុផល ជាអាចារ្យនៅប្រចាំទីនេះ បានឲ្យដឹងថា ទីនេះពុំសូវបានប្រជាពលរដ្ឋមកធ្វើបុណ្យច្រើនទេ ដោយសារតែនៅឆ្ងាយហើយពិបាកក្នុងការធ្វើដំណើរ មាន ពុទ្ធបរិស័តមកធ្វើបុណ្យនៅតាមរដូវដែលមានបុណ្យទានគឺមានមនុស្សច្រើន ក្រៅពីបុណ្យទានគឺលោកអាចារ្យបានចំណូលពីការលក់ថ្នាំខ្មែរ យកបច្ច័យទាំងនេះមកធ្វើចង្ហាន់ឲ្យព្រះសង្ឃ។ ដោយ ប៊ុន រដ្ឋា