ម៉ូតូ​២​គ្រឿង​បុក​គ្នា​នៅ​ចំណុច​ផ្លូវបែក​ជា​បួន បណ្ដាល​អោយ​បុរស​ម្នាក់​រង​របួសធ្ងន់​និង​នារី​២​នាក់​រងរបួស​ស្រាល​

​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​នារី​២​នាក់ ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កែង​ស្រាប់តែ​មាន បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បត់​ឆ្វេង​មិន​ប្រយ័ត្ន​ក៏​បុក​ចំ​ពេញទំហឹង​បណ្ដាល​អោយ​ដួល​រងរបួស​ធ្ងន់ ហើយ​ភាគី​បង្ក​បាន​លើ​ម៉ូតូ​ហើយ​ជិះ​គេចខ្លួន​បាត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​

ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១៧​ខែ​មិថុនា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ផ្លូវ​លេខ​១៣៦​កែង​និង​ផ្លូវ​លេខ​១៥ ស្ថិតក្នុង​សង្កាត់​ផ្សារកណ្ដាល​១ ខណ្ឌដូនពេញ​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ស្កូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ-0953 ឌុប​នារី​២​នាក់​ពី​ក្រោយ​ធ្វើដំណើរ​តាម​បណ្ដោយ ផ្លូវ​លេខ​១៣៦​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កែង​ស្រាប់តែ​មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​គុប​ជិះ​ដោយ​បុរស​២​នាក់​មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៥ ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ហើយ​បត់​ឆ្វេង​ឆ្ពោះទៅ​ផ្លូវ​លេខ​១៣៦ ក៏​បណ្ដាលអោយ បុក​ចំ​ម៉ូតូ​ស្កូប​ពី​ចំ​ពេញទំហឹង​ធ្វើអោយ​ម៉ូតូ​ទាំង​២​គ្រឿង​ដួល​គ​លើ​គ្នា ហើយ​បុរស​ដែល ជិះ​ម៉ូតូ​ស្កូ​ពី​ដេក​សន្លប់​ស្ដូកស្ដឹង ចំណែក​ទាំង​នារី​២​នាក់​គ្រាន់តែ​រងរបួស​ស្រាល ចំណែក​ភាគី ខាង​ម៉ូតូ​គុប​ក៏​រងរបួស​ស្រាល​។ ភ្លាមៗ​ក៏​មាន​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែង​កើតហេតុ​បាន​ទៅ​ដក​សោ​ម៉ូតូ​គុប​ដើម្បី​ឃាត់ទុក ប៉ុន្តែ ដោយ​ម៉ូតូ​គុប​សោ​អ្វី​ក៏​ចាក់​ត្រូវ​ធ្វើអោយ​ជនបង្ក​យក​សោ​មួយ​ផ្សេង​ទៀត​ចាក់​រួច​ជិះ​ម៉ូតូ​គេចខ្លួន ពី​ចំណុច​កើតហេតុ​បាត់​តែ​ម្ដង​។​
​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ឯកជន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ​ចំណែក​ម៉ូតូ​ត្រូវ​បាន​នារី​រងគ្រោះ​ដែល​ជិះ​មក​ជាមួយ​ជិះ​ទៅ​តាម​រថយន្ត​សាមុយ​ពីក្រោយ​។ ក្នុង​ហេតុការណ៍​នេះ​គឺ​គេ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចុះ​មក​អន្តរាគមន៍​នោះទេ​៕​

1 2